ដំណឹង និងដំណើររបស់បិសាចក្រហមដែលស្ថិតក្រោមការដឹកនាំរបស់លោក Amorim កាន់តែឡើងកម្ដៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយថ្ងៃនេះលោកអ្នកនឹងបានដឹងថាតើ Manchester United នឹងត្រូវចំណាយទឹកប្រាក់ប៉ុន្មានលានផោនប្រសិនបើក្លិបសម្រេចបញ្ចប់តំណែងលោក Amorim នៅត្រឹមពាក់កណ្ដាលផ្លូវ ។
តាមរយៈការចេញផ្សាយពី The Daily Mail បានឲ្យដឹងថាការបញ្ចប់តំណែងរបស់អតីតគ្រូបង្គោល Sporting ខាងលើទាំងដែលគាត់មិនទាន់ដឹកនាំបាន ១២ ខែនៅឡើយ នឹងធ្វើឲ្យក្លិបត្រូវបង់ប្រាក់សំណងជំនឿចិត្តទៅលោក Amorim សរុប ១២ លានផោន ខណៈដែលក្លិបធ្លាប់បានចាយដល់ទៅ ៩.២ លានផោនទៅហើយដើម្បីផ្ដាច់កុងត្រាយកលោក Amorim ពាក់កណ្ដាលផ្លូវពី Sporting នៅឆ្នាំមុន ហើយថែមទាំងសន្យាផ្ដល់ប្រាក់ពលកម្ម ៦.៥ លានផោនក្នុងមួយឆ្នាំ ព្រមទាំងត្រូវបង់រាប់លានផោនបន្ថែមទៀតដើម្បីនាំយកជំនួយការរបស់គាត់មក Old Trafford ផងដែរ ។
គួររំលឹកថាលោក Amorim បានចូលមកកាន់តំណែងជាអ្នកចាត់ការរបស់ United នៅចុងខែតុលាក្នុងរដូវកាលមុន ដើម្បីជំនួសតំណែងលោក Erik ten Hag ដែលមកទល់បច្ចុប្បន្នបុរសវ័យ ៤០ ឆ្នាំខាងលើដឹកនាំក្រុមឈ្នះបានត្រឹមតែ ១៧ លើកប៉ុណ្ណោះពីការប្រកួត ៤៧ លើកកន្លងមក ឬមានភាគរយឈ្នះត្រឹមតែ ៣៦.២%ក ក្នុងមួយប្រកួតដែលជាកំណត់ត្រាអាក្រក់បំផុតក្នុងប្រវតិ្តសាស្ត្រអ្នកចាត់ការរបស់ក្លិបចាប់តាំងពីសង្គ្រាមលោកលើកទី ២ ៕