Juventus គឺជាគោលដៅស័ក្តិសមជាងគេសម្រាប់ខ្សែប្រយុទ្ធវ័យក្មេង Endrick របស់ Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ នេះបើយោងតាមរបាយការណ៍ពីប្រទេសអេស្ប៉ាញ និងអ៊ីតាលី។
កីឡាករប្រេស៊ីលវ័យ 19ឆ្នាំ ដែលបានចូលរួម ជាមួយ Madrid ជាផ្លូវការពី Palmeiras កាលពីខែកក្កដា ឆ្នាំ២០២៤ មិនទទួលបាននាទីលេងសូម្បី ១នាទីក្រោមការដឹកនាំរបស់ លោក Xabi Alonso ទេ ខណៈដែលគេបន្តសម្របខ្លួនទៅនឹងបាល់ទាត់អឺរ៉ុប។
ជាមួយនឹងការប្រកួតប្រជែងនៅក្នុងតំបន់ប្រយុទ្ធ— ដែលមានកីឡាករដូចជា Vinícius Júnior, Rodrygo, និង Kylian Mbappé — Endrick កំពុងពិចារណាការចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីទទួលបាននាទីទៀងទាត់ និងពង្រឹងទម្រង់លេងរបស់គេ មុនពេលការប្រកួត World Cup ឆ្នាំ 2026 មកដល់។
ប្រភពជិតស្និទ្ធនឹងកីឡាករបានលើកឡើងថា Juventus អាចជាជម្រើសដ៏ល្អបំផុតសម្រាប់រូបគេ ដោយផ្តល់ទាំងកបាល់ទាត់ដែលមានការប្រកួតប្រជែង និងជាកន្លែងសម្រាប់ការរីកចម្រើនក្នុងក្របខ័ណ្ឌ Serie A។ ក្លឹបយក្សអ៊ីតាលីដែលបច្ចុប្បន្នកំពុងរៀបចំក្រុមឡើងវិញក្រោមការដឹកនាំរបស់ លោក Igor Tudor ដែលលោកបើកចំហចំពោះកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលខ្លី ដែលផ្តល់អត្ថប្រយោជន៍ដល់ភាគីទាំងសងខាង ទាំង Endrick និង Juventus។
សម្រាប់ Endrick ការចាកចេញនៅក្នុងខែមករាខាងមុខនេះ អាចជាកត្តាសំខាន់ក្នុងការធ្វើអោយការក្ដីសង្ឃឹមលេងក្រុមជម្រើសជាតិរស់ឡើងវិញ ដោយសារតែគ្រូបង្វឹករបស់ប្រេស៊ីលចង់បានកីឡាករ ដែលមានទម្រង់លេងល្អបំផុត និងជាមួយនឹងនាទីលេងនៅក្លឹបជាប់លាប់។ ប៉ុន្មានខែខាងមុខនេះ នឹងកំណត់ថាតើ Real Madrid អនុញ្ញាតឱ្យកីឡាករវ័យក្មេងរូបនេះ ចាកចេញជាបណ្ដោះអាសន្ន ឬចង់រក្សាគាត់នៅក្នុងរដ្ឋធានីអេស្ប៉ាញសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត៕