
ខ្សែបម្រើអន្តរជាតិប្រេស៊ីលវ័យ ៣៣ ឆ្នាំ Casemiro របស់ក្រុមបិសាចក្រហម Manchester United ដែលដំបូងឡើយត្រូវគេរំពឹងច្បាស់ណាថាអតីតម្ចាស់អាវលេខ ៥ របស់ Real Madrid ខាងលើនឹងចាកចេញពី Old Trafford ទៅទឹកដីអារ៉ាប់ តែពេលនេះមានដំណឹងថ្មីមួយទៀតពីលទ្ធភាពដែលរូបគេអាចបន្តស្នាក់នៅក្លិបក្នុងរដូវកាលក្រោយក្រោមលក្ខខណ្ឌចរចាពិសេស ។
ប្រភពពី ESPN បានឲ្យដឹងថាក្លិប និងលោក Ruben Amorim បានមើលឃើញពីសារៈសំខាន់នៅក្នុងក្រុមពេលដែលមាន Casemiro នៅលើទីលាន ហើយក៏បានធ្វើការអនុញ្ញាតិឲ្យភ្នាក់ងារតំណាងក្លិបអាចបើកការចរចារក្សា Casemiro នៅទឹកដីអង់គ្លេសបន្តទៀតក្នុងរដូវកាលក្រោយផងដែរ ព្រោះកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងអស់សុពលភាពនៅចុងរដូវកាលនេះ តែមានជម្រើសបន្តថែមមួយឆ្នាំទៀត ។ យ៉ាងណាមិញប្រសិនបើ Casemiro សម្រេចចិត្តធ្វើការស្នាក់នៅបន្ត នោះក្លិបនឹងមិនផ្ដល់ឲ្យរូបគេនូវប្រាក់ពលកម្ម ៣០ ម៉ឺនផោនដូចពេលនេះឡើយ ដោយក្លិបអាចនឹងកាត់យ៉ាងហោចណាស់ ៥០% នៅពេលបន្តកិច្ចសន្យាថ្មី ។
ទាក់ទងនឹង Casemiro នេះផងដែរលោក Sir Jim Ratcliffe ក៏ធ្លាប់លើកឡើងនៅដើមឆ្នាំ ២០២៥ យ៉ាងបើកចំហរថាប្រសិនបើគាត់មកកាន់តំណែងនៅក្លិបមុននេះបន្តិច Casemiro ដែលចូលរួមជាមួយ Man United នៅឆ្នាំ ២០២២ នឹងមិនអាចកើតឡើងនោះទេ ដោយសារតែបញ្ហាអាយុ និងចក្ខុវិស័យរយៈពេលវែងរបស់ក្លិប ៕