
យុវជនតែងតែជាកម្លាំងស្នូល និងជាអនាគតរបស់ក្លិបបាល់ទាត់នីមួយៗ ហើយថ្មីៗនេះមានដំណឹងមកថាអ្នកចាត់ការបិសាចក្រហមលោក Ruben Amorim បានកោះហៅកីឡាករពីក្រុមយុវជនជាច្រើនរូបមកហ្វឹកហាត់ជាមួយក្រុមធំដើម្បីបង្កើនការប្រកួតប្រជែងជាមួយរៀងច្បង ។
ប្រភពពី Gimme Sport បានឲ្យដឹងថាចាប់តាំងពីការមកដល់របស់លោក Ruben Amorim មក គេសង្កេតឃើញវប្បធម៍ថ្មីមួយគឺកីឡាក្នុងក្រុមយុវជនទទួលបានឳកាសកាន់តែច្រើនក្នុងការបង្ហាញខ្លួននៅក្នុងក្រុមធំ បើទោះបីជាសមត្ថភាពរបស់ពួកគេមិនទាន់ដល់កម្រិតកំពូលណាមួយនៅឡើយ ដោយលោក Amorim បានបន្ថែមបច្ចេកទេសនៃការហ្វឹកហាត់ថ្មីដើម្បីសម្របខ្លួនបានទាំងកីឡាករនៅក្រុមធំ និងកីឡាករក្រុមយុវជន ស្របពេលកន្លងមកកីឡាករក្នុងក្រុមយុវជនភាគច្រើនធ្វើការហ្វឹកហាត់ដាច់ដោយឡែក និងមិនសូវមានឳកាសច្រើនឡើយនាពេលកន្លងមក ។
ការកោះហៅកីឡាករនៅក្រុមយុវជនជាច្រើនបានធ្វើឲ្យមានកម្រិតនៃការប្រកួតប្រជែងកាយសម្បទា និងបច្ចេកទេសកាន់តែខ្លាំងនៅក្នុងក្រុម ហើយនឹងធ្វើឲ្យពួកគេសម្របខ្លួនបានកាន់តែរហ័សនៅពេលក្រុមត្រូវការនាពេលណាមួយផងដែរ ៕