
ក្លឹប Real Madrid រំពឹងថា នឹងទទួលបានប្រាក់ចំណេញប្រហែល ៣០លានអឺរ៉ូ បន្ទាប់ពី Tottenham Hotspur ចង់ចុះហត្ថលេខាខ្សែប្រយុទ្ធស្លាបជនជាតិជប៉ុន Takefusa Kubo របស់ Real Sociedad។ កីឡាករវ័យរូបនេះ កំពុងបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅលីកកំពូលអេស្ប៉ាញ ដែលធ្វើឱ្យមានក្លឹបជាច្រើននៅ Premier League ចាប់អារម្មណ៍រូបគេ។
យោងតាមរបាយការណ៍បានឱ្យដឹងថា Real Madrid បានរក្សាសិទ្ធិចំណែក ៥០% ក្នុងកិច្ចព្រមព្រៀងលក់បន្ត អំឡុងលក់ Kubo ទៅឱ្យ Real Sociedad នៅឆ្នាំ២០២២។ នេះមានន័យថា ប្រសិនបើ Spur ទិញកីឡាកររូបនេះ ក្នុងតម្លៃប្រមាណ ៦០លានអឺរ៉ូ នោះ Real Madrid នឹងទទួលបានប្រាក់ពាក់កណ្តាល ដោយមិនចាំបាច់ធ្វើអ្វីទាល់តែសោះ។
Kubo វ័យ ២៤ឆ្នាំ ត្រូវបានគេចាត់ទុកថា ជាខ្សែប្រយុទ្ធវ័យក្មេងដ៏លេចធ្លោម្នាក់នៅ La Liga ដោយមានល្បឿនលឿន ខួរក្បាលឈ្លាសវៃ និងជំនាញបង្កើតឱកាសបញ្ចូលបាល់ដ៏អស្ចារ្យ។ ក្លឹបមានខ្នាយមាសមើលឃើញគាត់ថា ជាកម្លាំងបន្ថែមដ៏សំខាន់សម្រាប់តំបន់ប្រយុទ្ធ។
សម្រាប់ Real Madrid កិច្ចព្រមព្រៀងនេះ គឺជាយុទ្ធសាស្រ្តឈ្នះៗ ដែលរកប្រាក់ចំណេញបន្ថែមសម្រាប់ការទិញកីឡាករថ្មីរបស់ខ្លួន ឬបន្តកុងត្រាឱ្យកីឡាករផ្សេងៗ៕