
Napoli កំពុងស្វែងរកអ្នកបំពេញតួនាទីរបស់ Kevin De Bruyne ដែលបានរងរបួស កាលពីពីរបីសប្តាហ៍មុន និងមិនអាចត្រលប់មកចូលទីលានវិញ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៦។ ការអវត្តមានរបស់កីឡាករបែលហ្ស៊ិករូបនេះ បានធ្វើឱ្យចង្វាក់លេងរបស់ក្រុមត្រូវប្រឈមការខ្វះខាតភាពច្នៃប្រឌិត ក៏ដូចជាមិនមានអ្នកដឹកនាំលេងក្នុងតំបន់បម្រើ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នាយកផ្នែកកីឡារបស់ Napoli លោក Giovanni Manna កំពុងរៀបចំផែនការទិញកីឡាករចូលក្នុងទីផ្សារដោះដូររដូវរងាខាងមុខនេះ ដើម្បីស្វែងរកអ្នក ដែលមានគុណភាពមកបំពេញចន្លោះប្រហោងនេះ។ ក្នុងចំណោមគោលដៅជាច្រើន កីឡាករវ័យក្មេងរបស់ Manchester United គឺ Kobbie Mainoo ត្រូវបាន Napoli ចាត់ទុកថា ជាជម្រើសដែលល្អបំផុតសម្រាប់ក្លឹប។
Mainoo គឺជាកីឡាករ ដែលមានភាពស្ងប់ស្ងាត់នៅលើទីលាន ការមានចក្ខុវិស័យក្នុងការលេង និងមានជំនាញបច្ចេកទេសល្អ ដែលធ្វើឱ្យក្រុមអ្នកឃ្លាំមើលកីឡាកររបស់ Napoli ចាប់អារម្មណ៍ខ្លាំង។
ក្លឹបជឿជាក់ថា ខ្សែបម្រើរូបនេះ អាចបំពេញតួនាទីក្នុងតំបន់បម្រើបានល្អ ស្របពេលដែល ដែល Kevin De Bruyne សម្រាកព្យាបាល ហើយក៏ប្រហែលជាអាចក្លាយជាគ្រាប់ពេជ្ររយៈពេលវែងរបស់ក្លឹបទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ការចរចាអាចនឹងមានភាពលំបាក ដោយសារតែ Manchester United មិនសូវចង់បាត់បង់កីឡាករវ័យក្មេងរូបនេះនោះទេ៕
