
Manchester United កំពុងចាប់ផ្ដើមស្វែងរកអ្នកជំនួសតំណែង Casemiro ដោយក្លឹបបានដាក់គោលដៅយកខ្សែបម្រើរូបឆ្នើមរបស់ Real Madrid កីឡាករ Aurélien Tchouaméni ជាជម្រើសដ៏ល្អបំផុតរបស់ពួកគេ។
យោងតាមរបាយការណ៍ បិសាចក្រហមកំពុងត្រៀមសម្រាប់ការចាកចេញរបស់ Casemiro ព្រោះកីឡាករប្រស៊ីលរូបនេះ ប្រហែលជាមិនព្រមទទួលយកសំណើកុងត្រាថ្មី ដែលក្លឹបបានដាក់លើតុចរចានោះទេ។
សំណើបន្តកុងថ្មីរួមមាន ការកាត់បន្ថយប្រាក់ឈ្នួលមួយចំនួនធំ ដែលនាំឱ្យរូបគេ មិនសូវពេញចិត្ត និងមិនព្រមចុះហត្ថលេខា។ ដោយសារតែស្ថានភាពនេះ ក្លឹបកំពុងស្វែងរកជម្រើសកីឡាករផ្សេងៗនៅទីផ្សារ និងវាយតម្លៃមើលថាតើកីឡាករណា ដែលអាចបំពេញចន្លោះប្រហោងតួនាទីបម្រើការពារបាន។
Tchouaméni គឺជាគោលដៅចម្បង របស់ Manchester United ដោយសារក្លឹបមើលឃើញអំណោយផលនៃកាយសម្បទា តិកនិក និងសមត្ថភាពគ្រប់គ្រងបាល់ក្នុងតំបន់កណ្ដាលនៅកម្រិតខ្ពស់របស់គេ។
អំឡុងពេលនេះ ទោះបីជាដឹងថា ការល្បួងយកកីឡាករជម្រើសជាតិបារាំងរូបនេះចេញពី Real Madrid មានការលំបាកយ៉ាងណាក៏ដោយ បិសាចក្រហមក៏នៅតែកំពុងតាមដានស្ថានភាពរបស់គេយ៉ាងដិតដល់ និងរង់ចាំមើលថាតើនឹងអាចនាំយកគេបាននៅក្នុងទីផ្សារដោះដូរខាងមុខនេះ ឬយ៉ាងណា៕