×

អត្តពលិកកីឡាអេឡិចត្រូនិកថៃ ២ រូប ត្រូវជាប់ឃុំ ៣ ខែ ពីបទបន្លំក្នុងការប្រកួតស៊ីហ្គេម

តុលាការ ប្រទេសថៃ នៅថ្ងៃអង្គារ បានសម្រេចដាក់ទោសអត្តពលិកកីឡាអេឡិចត្រូនិកថៃ ចំនួន២រូប ឱ្យជាប់ឃុំពីបទបន្លំ ដែលទាក់ទងនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣។ តុលាការបានលើកឡើងថា ទង្វើនេះបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសជាតិយ៉ាងខ្លាំង។

ដំបូងឡើយ តុលាការបានកាត់ទោសដាក់ពន្ធនាគារ ៦ ខែ ដោយមិនមានការព្យួរទោស ទៅលើកីឡាការិនី Napattara អាយុ ២៩ ឆ្នាំ ហៅក្រៅថា “Tokyogurl” ដែលជាអតីតសមាជិកក្រុម e-sports ជម្រើសជាតិថៃ និង កីឡាករ Chaiyo អាយុ ២៣ ឆ្នាំ ហៅក្រៅថា “Cheerio”។

ទាំងពីរនាក់នេះបានសារភាពទោសកំហុសរបស់ពួកគេរួចមកហើយ។ ដោយសារតែការសារភាពទោសកំហុស ពួកគេត្រូវបានកាត់បន្ថយទោសពាក់កណ្តាលមកត្រឹម ៣ ខែ ហើយក្រោយមកត្រូវបានប្តូរទៅជាការឃុំខ្លួនរយៈពេល ៣ ខែវិញ ជំនួសឱ្យការជាប់ពន្ធនាគារ។

តុលាការបានសម្រេចថា ទង្វើរបស់ពួកគេបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភាពជឿជាក់នៃដំណើរការជ្រើសរើសកីឡាករ e-sports និងធ្វើឱ្យខូចរូបភាពរបស់ប្រទេសជាតិ។

បន្ទាប់ពីសាលក្រម កីឡាករទាំងពីរបានដាក់ពាក្យស្នើសុំដោះលែងបណ្តោះអាសន្ន ដោយដាក់ប្រាក់ធានា ២៤,០០០ បាតម្នាក់ៗ។ តុលាការបានអនុញ្ញាតឱ្យពួកគេនៅក្រៅឃុំរង់ចាំការប្តឹងឧទ្ធរណ៍ដោយគ្មានលក្ខខណ្ឌបន្ថែម៕

ប្រភព៖ Khaosod

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង