
អ៊ីរ៉ង់បានស្នើឱ្យ FIFA ផ្លាស់ប្ដូរទីតាំងការប្រកួត World Cup របស់ពួកគេ — រួមទាំងការប្រកួតបើកឆាកជាមួយនូវសែលង់ — ពីសហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិក ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។ សំណើនេះ ធ្វើឡើងនៅពេលដែលភាពតានតឹងនយោបាយកំពុងកើនឡើង បន្ទាប់ពីសកម្មភាពយោធាថ្មីៗ ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានបញ្ជាក់អំពីសំណើនេះ ដោយប្រធានសហព័ន្ធ លោក Mehdi Taj បាននិយាយថា កំពុងមានការពិភាក្សាជាមួយ FIFA អំពីការផ្លាស់ប្ដូរទីតាំងប្រកួត។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងមិនធ្វើដំណើរទៅសហរដ្ឋអាមេរិកទេ បន្ទាប់ពីមានសេចក្តីថ្លែងការណ៍មួយបង្ហាញថា មិនអាចធានាសុវត្ថិភាពសម្រាប់ក្រុមជម្រើសជាតិរបស់ពួកគេបាន។
អ៊ីរ៉ង់គ្រោងនឹងចាប់ផ្តើមការប្រកួតក្នុងពូល G នៅទីក្រុង Los Angeles នៅពាក់កណ្ដាលខែមិថុនា មុនពេលជួប ជាមួយបែលហ្សិក និងអេហ្ស៊ីបនៅទីក្រុងផ្សេងៗក្នុងសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរទីតាំងការប្រកួតនេះ នឹងបង្កការលំបាកធំចំពោះការ រៀបចំ ខណៈដែលព្រឹត្តិការណ៍នៅសល់តែប្រហែល ៣ខែទៀតប៉ុណ្ណោះ ហើយការរៀបចំទាំងអស់បានបញ្ចប់រួចហើយ។
FIFA រំលេចឲ្យដឹងថា កាលវិភាគការប្រកួត អាចនឹងនៅតែដដែល បើទោះបីជាឥឡូវនេះ កំពុងទំនាក់ទំនង ជាមួយក្រុមចូលរួមទាំងអស់ក៏ដោយ។ របាយការណ៍បង្ហាញថា FIFA មិនចង់ផ្លាស់ប្តូរផែនការរៀបចំទេ ដោយសារតែភាពស្មុគស្មាញផ្នែកពាណិជ្ជកម្ម និងការប្រតិបត្តិការ ខណៈដែលម៉ិកស៊ិកបានបង្ហាញភាពរួចរាល់ក្នុងការទទួលយកការប្រកួតរបស់អ៊ីរ៉ង់ ប្រសិនបើចាំបាច់។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum ក៏បានបញ្ជាក់ផងដែរថា ប្រទេសរបស់លោកស្រី បើកចំហស្វាគមន៍ជានិច្ច៕
