
ក្រុមបាល់ទាត់នារីជម្រើសជាតិជប៉ុន បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Women’s Asian Cup Australia ជាមួយនឹងជ័យជម្នះ៤-១ លើក្រុមបាល់ទាត់នារីជម្រើសជាតិកូរ៉េខាងត្បូង នៅកីឡដ្ឋាន Stadium Australia ក្នុងទីក្រុងស៊ីដនី។
ឥឡូវនេះ ពួកគេនឹងត្រឡប់ទៅកាន់កីឡដ្ឋានដដែលនៅថ្ងៃសៅរ៍ ដើម្បីជួបក្រុមម្ចាស់ផ្ទះអូស្ត្រាលី នៅចំពោះមុខអ្នកគាំទ្រក្នុងស្រុកដែលត្រូវបានគេរំពឹងថានឹងពេញកីឡដ្ឋាន។
ក្រុមនារីជប៉ុនបានបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅក្នុងពានរង្វាន់ Asian Cup លើកនេះ ដោយរកបានគ្រាប់បាល់សរុប ៣០ គ្រាប់ក្នុងការប្រកួត ៥ លើក។ ពួកគេរបូតតែមួយគ្រាប់ប៉ុណ្ណោះ។ នៅក្នុងវគ្គចែកពូល ពួកគេរកបាន ១៩ គ្រាប់ នៅក្នុងវគ្គ 8ក្រុមចុងក្រោយ ពួកគេបានយកឈ្នះហ្វីលីពីន ៧-០ ហើយនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពួកគេបានបន្ថែម ៤ គ្រាប់ទៀត។
ទល់នឹងក្រុមនារីកូរ៉េខាងត្បូងរបស់លោក Nils Nielsen ក្រុមនារីជប៉ុនបានបង្ហាញនូវមេរៀនបាល់ទាត់ ដោយរកបានពីរគ្រាប់ក្នុងតង់នីមួយៗ ដើម្បីធានាការឡើងទៅវគ្គផ្តាច់ព្រ័ត្រលើកទី ៧ របស់ពួកគេ និងជាលើកទី ៣ ដែលជួបអូស្ត្រាលី។ ក្រុមនារីជប៉ុនបានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រពីលើកមុនៗទាំងពីរលើក គឺនៅឆ្នាំ ២០១៤ និង ២០១៨។
មុនចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុមនារីកូរ៉េខាងត្បូងដែលបានឈរលេខ ១ ក្នុងពូលរបស់ពួកគេនាំមុខអូស្ត្រាលីដោយសារគ្រាប់បាល់ចំណេញ ក៏ធ្លាប់មានជ័យជម្នះក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយបានស៊ុត ៦ គ្រាប់ដោយមិនរបូតគ្រាប់បាល់ទល់នឹង អ៊ូបេគីស្ថាន។
ក្រុមនារីជប៉ុនធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Women’s Asian Cup ៦ ដង ប៉ុន្តែឈ្នះបានតែពីរដងប៉ុណ្ណោះ គឺរាល់ដងដែលជួបអូស្ត្រាលី។ នេះនឹងក្លាយជាវគ្គផ្តាច់ព្រ័ត្រលើកទី ៤ សម្រាប់ក្រុមនារីអូស្ត្រាលី ដែលបានយកឈ្នះកូរ៉េខាងជើងដោយបាល់កាត់សេចក្តី ១១ ម៉ែត្រ ដើម្បីដណ្តើមបានពានរង្វាន់លើកដំបូងរបស់ពួកគេ។ ការឡើងដល់វគ្គផ្តាច់ព្រ័ត្រពីរលើកផ្សេងទៀតរបស់ពួកគេ គឺជួបជាមួយក្រុមនារីជប៉ុន៕
