
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA បានពិន័យសហព័ន្ធបាល់ទាត់អ៊ីស្រាអែល (IFA) ជាប្រាក់ប្រហែល ១៤ ម៉ឺនផោន និងបានព្រមានពួកគេឱ្យប្រយ័ត្នចំពោះទង្វើនៅពេលអនាគត។ ការពិន័យនេះកើតឡើងបន្ទាប់ពី FIFA បានស៊ើបអង្កេតបណ្តឹងរបស់សហព័ន្ធបាល់ទាត់ប៉ាឡេស្ទីន (PFA) ដែលចោទប្រកាន់ពីបទ “រើសអើង”។
គណៈកម្មាធិការវិន័យបានពិនិត្យមើលការដោះស្រាយរបស់ IFA ចំពោះបញ្ហាជាតិសាសន៍នៅក្នុងបាល់ទាត់អ៊ីស្រាអែល ដែលជាផ្នែកមួយនៃការតវ៉ារបស់ PFA នៅក្នុងសមាជិកសភា FIFA លើកទី ៧៤ កាលពីខែឧសភា ឆ្នាំ ២០២៤។
គណៈកម្មាធិការវិន័យរបស់ FIFA បានរកឃើញថា IFA បានបំពានច្បាប់ពីររបស់ FIFA គឺ៖ មាត្រា ១៣៖ ទាក់ទងនឹងអាកប្បកិរិយាប្រមាថ និងការលេងមិនយុត្តិធម៌ និង មាត្រា ១៥៖ ទាក់ទងនឹងការរើសអើង និងការប្រើពាក្យសំដីរើសអើងជាតិសាសន៍។
ក្រៅពីពិន័យជាប្រាក់ និងការព្រមាន IFA ក៏ត្រូវដាក់តាំងបដាធំមួយនៅឯការប្រកួតក្នុងដី ៣ លើកបន្ទាប់របស់ខ្លួន ដោយមានពាក្យថា “បាល់ទាត់បង្រួបបង្រួមពិភពលោក – ទេចំពោះការរើសអើង” ជាមួយនិមិត្តសញ្ញារបស់ IFA។ FIFA ក៏បានបញ្ជាឱ្យ IFA យកប្រាក់ពិន័យមួយភាគបី ទៅបង្កើតផែនការច្បាស់លាស់មួយ ដើម្បីប្រឆាំងនឹងការរើសអើង និងការពារកុំឱ្យមានរឿងបែបនេះកើតឡើងម្តងទៀត។
FIFA បានបញ្ជាក់ថា IFA អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ។
ទាក់ទងនឹងការចោទប្រកាន់មួយទៀតពី PFA ដែលថា IFA បានអនុញ្ញាតឱ្យក្រុមបាល់ទាត់ពីទឹកដីប៉ាឡេស្ទីន (West Bank) ចូលរួមក្នុងលីគអ៊ីស្រាអែល FIFA បានសម្រេចថាមិនចាត់វិធានការអ្វីទេ ដោយសារបញ្ហាស្ថានភាពផ្លូវច្បាប់នៃតំបន់ West Bank គឺជាបញ្ហាអន្តរជាតិដ៏ស្មុគស្មាញ និងមិនទាន់ដោះស្រាយបាន។
ទន្ទឹមនឹងនេះ សហព័ន្ធបាល់ទាត់ប៉ាឡេស្ទីនក៏បានប្រកាសថា ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិរបស់ខ្លួនទល់នឹង Mauritania និង Benin នៅប្រទេសម៉ារ៉ុកនៅចុងខែនេះ ត្រូវបានលុបចោល ដោយសារតែជម្លោះបន្តនៅមជ្ឈិមបូព៌ា៕
