
លោក Igor Tudor ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស (FA) ចោទប្រកាន់ពីបទប្រព្រឹត្តមិនសមរម្យ បន្ទាប់ពីលោកបានហៅអាជ្ញាកណ្តាល Thomas Bramall ថា ជា “អាជ្ញាកណ្តាលគាំទ្រក្រុមម្ចាស់ផ្ទះ” ក្រោយការបរាជ័យ 2-1 របស់ Spurs ទល់នឹង Fulham កាលពីថ្ងៃទី1 ខែមីនា។ FA អះអាងថា Tudor បាននិយាយក្នុងបទសម្ភាសន៍ក្រោយចប់ការប្រកួតអំពីភាពលំអៀង និងសួរនាំអំពីភាពសុចរិតរបស់អាជ្ញាកណ្តាល។
Tudor មិនពេញចិត្តជាពិសេសចំពោះគ្រាប់បាល់ដំបូងរបស់ Harry Wilson ដែលត្រូវបានអនុញ្ញាតឱ្យចូល ស្របពេលដែលលោកជឿថា មានកំហុសលើ Radu Dragusin មុនពេលបង្កើតឱកាសនោះ។ ក្នុងបទសម្ភាសន៍ ជាមួយ BBC លោកបានរិះគន់ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ដោយនិយាយថា ការសម្រេចចិត្តភាគច្រើនលំអៀងទៅខាងក្រុមម្ចាស់ផ្ទះ និងថា អាជ្ញាកណ្តាល “មិនយល់បាល់ទាត់” ទេ។
គ្រូបង្វឹកវ័យ 47 ឆ្នាំរូបនេះមានពេលដល់ថ្ងៃទី23 ខែមីនា ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នេះ។ យ៉ាងណាមិញ មិនមានទណ្ឌកម្មថេរសម្រាប់ករណីបែបនេះទេ ដូច្នេះការសម្រេចចុងក្រោយនឹងអាស្រ័យលើគណៈកម្មការគ្រប់គ្រងថា នឹងសម្រេចយ៉ាងណា ហើយលទ្ធផលនឹងត្រូវប្រកាស បន្ទាប់ពីការប្រកួតរបស់ Spurs ទល់នឹង Nottingham Forest ។
ករណីរិះគន់អាជ្ញាកណ្ដាលស្រដៀងគ្នានេះដែរ គេបានឃើញសេចក្ដីសម្រេចខុសៗគ្នា ដូចជាករណី Rodri របស់ Manchester City ត្រូវបានពិន័យប្រាក់ £80,000 ខណៈដែល Jose Mourinho ក៏ធ្លាប់ត្រូវបានហាមចូលទីលានមួយប្រកួតកាលពីឆ្នាំ 2015 ផងដែរ៕
