
ក្រុម Manchester City បានឈ្នះពានរង្វាន់ English League Cup ដោយយកឈ្នះ Arsenal ក្នុងលទ្ធផល ២-០ នៅវគ្គផ្តាច់ព្រ័ត្រ។ ជ័យជម្នះនេះធ្វើអោយពួកគេក្លាយជាម្ចាស់ពានធំដំបូងនៃរដូវកាល ហើយក៏បង្ហាញថាពួកគេអាចបន្តប្រជែងយ៉ាងខ្លាំងសម្រាប់ពាន Premier League ផងដែរ។
កីឡាករ Nico O’Reilly បានក្លាយជាវីរបុរសក្នុងការប្រកួតនេះ ដោយស៊ុតបញ្ចូលទីទាំងពីរគ្រាប់នៅពាក់កណ្ដាលតង់ទីពីរនាកីឡដ្ឋាន Wembley Stadium។ ជ័យជម្នះនេះមិនត្រឹមតែផ្តល់ពានដល់ក្រុមគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនទំនុកចិត្ត និងសម្ពាធផ្លូវចិត្តលើ Arsenal ក្នុងការប្រកួតពាន Premier League ផងដែរ ។
គ្រូបង្វឹក Pep Guardiola បន្តបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួន ដោយឈ្នះពានធំទី១៦ជាមួយ Manchester City និងពាន League Cup ចំនួន ៥ លើក ។ ជាសរុបក្នុងអាជីពរបស់គាត់ គាត់ឈ្នះពានដល់ទៅ ៣៤ ពាន ហើយតែងតែឈ្នះគ្រូបង្វឹក Mikel Arteta ដែលជាអតីតជំនួយការរបស់គាត់ក្នុងការប្រកួតសំខាន់ៗ ។
បើទោះបីជា Arsenal នៅតែជាក្រុមដែលមានឱកាសខ្ពស់ក្នុងការឈ្នះពាន Premier League ដោយសារមានពិន្ទុខ្ពស់ក៏ដោយ ក៏ Manchester City នៅតែមានឱកាសបង្វិលស្ថានការណ៍បាន ព្រោះពួកគេនៅសល់ការប្រកួតមួយ ដែលពួកគេនឹងត្រូវជួបគ្នាផ្ទាល់នៅកីឡដ្ឋាន Etihad ដែលអាចផ្លាស់ប្តូរបុរេវិនិច្ឆ័យបាន ។
ជ័យជម្នះនេះក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ Arsenal ក្នុងការឈ្នះពានធំៗ៤ ក្នុងរដូវកាលតែមួយ ។ បន្ទាប់ពីការបរាជ័យនេះ គ្រូបង្វឹក Arteta បានបង្ហាញអារម្មណ៍សោកស្តាយ ប៉ុន្តែបានលើកទឹកចិត្តកីឡាករ និងអ្នកគាំទ្រ ឲ្យបន្តប្រយុទ្ធ និងយកបទពិសោធន៍នេះទៅធ្វើឲ្យក្រុមរឹងមាំឡើងវិញក្នុងការប្រកួតនាពេលខាងមុខ។
ប្រភព
https://apnews.com/article/league-cup-final-wembley-arsenal-man-city-76667271281836d609ca415c329337ae
