
សេណេហ្គាល់បានប្ដឹងឧទ្ធរណ៍ទៅកាន់តុលាការកីឡាអន្តរជាតិ (CAS) បន្ទាប់ពីត្រូវបានដកហូតពានរង្វាន់ Africa Cup of Nations (AFCON) ហើយផ្ទេរពានទៅឲ្យម៉ារ៉ុក។ CAS បានបញ្ជាក់ថា បានទទួលបណ្តឹងពីសហព័ន្ធបាល់ទាត់សេណេហ្គាល់ ប្រឆាំងនឹងសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) និងសហព័ន្ធបាល់ទាត់ម៉ារ៉ុក។ សេណេហ្គាល់មានបំណងឲ្យផ្លាស់ប្តូរការសម្រេចនេះ និងទទួលស្គាល់ខ្លួនជាជើងឯកវិញ។
វិវាទនេះ បានកើតឡើងក្នុងការប្រកួតផ្តាច់ព្រ័ត្រ AFCON កាលពីថ្ងៃទី18 ខែមករា ដែលសេណេហ្គាល់បានឈ្នះម៉ារ៉ុក 1-0 ក្នុងម៉ោងបន្ថែម។ ទោះបីជាយ៉ាងណាក៏ដោយ CAF បានសម្រេចថា សេណេហ្គាល់បានរំលោភបទប្បញ្ញត្តិការប្រកួត បន្ទាប់ពីកីឡាកររបស់ពួកគេបានដើរចេញពីទីលាន ដើម្បីប្រឆាំងនឹងការផ្តល់បាល់ពិន័យ ១១ម៉ែត្រ ដែលផ្ដល់ឲ្យម៉ារ៉ុក។ បន្ទាប់ពីការប្ដឹងឧទ្ធរណ៍របស់ម៉ារ៉ុក CAF បានប្រកាសថា សេណេហ្គាល់បោះបង់ការប្រកួត ហើយបម្លែងលទ្ធផលពីឈ្នះ 1-0 ទៅជាចាញ់ 3-0 ឲ្យម៉ារ៉ុកក្លាយជាជើងឯក។
ចំណុចសំខាន់នៃវិវាទកើតឡើងនៅម៉ោងបន្ថែម នៅពេលដែលម៉ារ៉ុកទទួលបានបាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីពិនិត្យ VAR ប៉ុន្តែកីឡាករសេណេហ្គាល់បានតវ៉ាយ៉ាងខ្លាំង និងបានធ្វើឲ្យមានការផ្អាកការប្រកួតប្រហែល 20នាទី ខណៈអ្នកគាំទ្រខ្លះព្យាយាមចូលទីលានទៀតផង។ យ៉ាងណាមិញ ចុងក្រោយ បាល់ពិន័យ ១១ម៉ែត្ររបស់ម៉ារ៉ុកនោះ ត្រូវបានសង្គ្រោះ ហើយសេណេហ្គាល់ បន្ទាប់មកទៀត បានរកគ្រាប់បាល់ឈ្នះក្នុងម៉ោងបន្ថែម ប៉ុន្តែ CAF យល់ឃើញថា សេណេហ្គាល់ បានរំលោភច្បាប់នៃការប្រកួតរួចទៅហើយ។
សូមបញ្ជាក់ថា តុលាការកីឡាអន្តរជាតិ (CAS) បានបញ្ជាក់ថា បណ្តឹងរបស់សេណេហ្គាល់នេះ មានគោលបំណងលុបចោលការសម្រេចរបស់ CAF និងទទួលស្គាល់សេណេហ្គាល់ជាជើងឯកវិញ៕
