×

Casemiro បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថយប្រាក់បៀវត្សរ៍ ចូលរួមជាមួយ Lionel Messi នៅ Inter Miami

កីឡាករបម្រើរបស់ Manchester United កីឡាករ Casemiro ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្ថយប្រាក់បៀវត្សរ៍ដើម្បីចូលរួមជាមួយ Lionel Messi នៅ Inter Miami។

កីឡាករជម្រើសជាតិប្រេស៊ីលរូបនេះបានជួយ Man United សម្រេចបានការឡើងទៅ Champions League ដោយបានរួមចំណែករកបាន ៩ គ្រាប់ និង ២ បញ្ជូនបាល់ក្នុងការបង្ហាញខ្លួន ៣៣ លើកក្នុង Premier League រដូវកាលនេះ។

ទោះជាយ៉ាងណា Casemiro នឹងមិននៅ Old Trafford សម្រាប់ការវិលត្រឡប់ទៅកាន់ការលេងនៅ Champions League នោះទេ ខណៈកិច្ចសន្យារបស់គាត់ ផុតកំណត់នៅចុងរដូវកាល។

ក្រុមជើងឯក MLS Cup Inter Miami ត្រូវបានរាយការណ៍ថា នឹងត្រៀមក្នុងការចុះកុងត្រាជាមួយ Casemiro ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ។

យោងតាមសារព័ត៌មាន Sky Sports បានឱ្យដឹងថា ការមានវត្តមានរបស់ Messi នៅ Inter Miami គឺជាកត្តាមួយដែលជំរុញឱ្យ Casemiro ចង់ចូលរួមជាមួយក្លឹប MLS។

ព័ត៌មានថ្មីនេះបានអះអាងថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះថែមទាំងសុខចិត្តបន្ថយតម្រូវការប្រាក់ខែរបស់គាត់ ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរទៅកាន់ក្រុម Inter Miami ។
បន្ថែមពីលើការលើកទឹកចិត្តដើម្បីលេងជាមួយ Messi នោះ Casemiro និងគ្រួសាររបស់គាត់ចង់រស់នៅក្នុងទីក្រុង Miami ជាងគោលដៅផ្សេងទៀត។ LA Galaxy គឺជាក្រុម MLS មួយទៀត ដែលអាចសម្រេចបានកិច្ចព្រមព្រៀងសម្រាប់ Casemiro ។

កាលពីខែមីនា កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថាបានព្យាយាមបញ្ចុះបញ្ចូលអតីតមិត្តរួមក្រុមរបស់គាត់ឱ្យចូលរួមជាមួយគាត់នៅ Al-Nassr ក្នុងក្របខណ្ឌ Saudi Pro League។

Casemiro និង Ronaldo បានលេងជាមួយគ្នារយៈពេល ៥ ឆ្នាំនៅ Real Madrid ហើយបានជួបជុំគ្នាវិញមួយរយៈនៅ Man United មុនពេល Ronaldo ចាកចេញពី Old Trafford កាលពីខែវិច្ឆិកា ឆ្នាំ ២០២២៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង