×

ប្រដាល់សាកលប្តេជ្ញាបង្កើនមេដាយនៅស៊ីហ្គេម២០២២ និងដាក់គោលដៅឱ្យបានមេដាយមាស១សម្រាប់ស៊ីហ្គេម២០២៣

យោងតាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) បានឱ្យដឹងថា អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បានបង្ហាញនូវគោលដៅរបស់សហព័ន្ធនៃគោលដៅស៊ីហ្គេម ២លើកចំពោះមុខនេះ ដោយប្តេជ្ញាបង្កើនមេដាយនៅស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ និងគោលដៅបង្កើតប្រវត្តិសាស្ត្រថ្មីមួយ គឺប្រឹងប្រែងធ្វើយ៉ាងណាឱ្យឈ្នះមេដាយមាស១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ក្នុងការប្រជែងមេដាយនេះ គឺដោយយោងទៅលើការខិតខំយ៉ាងខ្លាំងក្លា តាមរយៈការបោះជំរំហ្វឹកហាត់ត្រៀមរបស់ក្រុមជម្រើសជាតិប្រដាល់សាកលកម្ពុជា និងការបង្កើតព្រឹត្តិការណ៍ប្រដាល់ថ្មីមួយ គឺ Ultimate Boxing Championship និងកំពុងស្នើសុំឱ្យមានការប្រកួតប្រចាំសប្តាហ៍ នៅក្នុងការប្រកួតកីឡាប្រដាល់គុនខ្មែរ តាមបណ្តាស្ថានីយទូរទស្សន៍នានា នៅក្នុងស្រុក។

លោក ប៊ុយ សុភ័ណ្ឌ អះអាងថា សម្រាប់ការត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម គឺសហព័ន្ធប្រដាល់សាកលកម្ពុជា គ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីចន្លោះពី ៨ទៅ៩នាក់ នៅក្នុងព្រឹត្តិការណ៍រៀងរាល់២ឆ្នាំម្តងមួយនេះ ដោយម្ចាស់ផ្ទះ វៀតណាមម បានលើកពេលពីចុងឆ្នាំ២០២១ ទៅអំឡុងពាក់កណ្តាលឆ្នាំ២០២២ ដោយសារវិបត្តិជំងឺកូវីដ១៩។

លោកបន្ថែមថា សហព័ន្ធនឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិឱ្យដណ្តើមមេដាយបានច្រើន ឬឈានទៅរកមេដាយកម្រិតខ្ពស់ជាងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៩ ដោយធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន ៥គ្រឿង។
អគ្គលេខាធិការរូបនេះ ដាក់ក្តីសង្ឃឹមថា ក្រុមជម្រើសជាតិប្រដាល់សាកលកម្ពុជា នឹងអាចមានលទ្ធភាពប្រជែងបានមេដាយច្រើនជាងស៊ីហ្គេមកន្លងមក ដើម្បីបំបែកកំណត់ត្រាថ្មីមួយរបស់ប្រភេទកីឡាប្រដាល់សាកល។ ស៊ីហ្គេម លើកទី៣១ នៅវៀតណាម គឺជាហ្គេមយុទ្ធសាស្ត្រចុងក្រោយ ដើម្បីកំណត់គោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយសហព័ន្ធជំនាញមួយនេះ នឹងបន្តពង្រឹងបច្ចេកទេសរបស់ក្រុមជម្រើសជាតិ ដែលកំពុងហ្វឹកហាត់ក្នុងស្រុក និងកីឡាករកំពុងហ្វឹកហាត់នៅក្រៅប្រទេស (ទម្ងន់៩០គីឡូក្រាម) ធ្វើយ៉ាងណាឱ្យប្រជែងបានមេដាយមាស ១គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ខ្លួន។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិប្រដាល់សាកលកម្ពុជា ប្រចាំឆ្នាំ២០២១ មានចំនួនសរុប ១៣នាក់ ក្នុងនោះមានកីឡាការិនី២នាក់ និងមានកីឡាករចំនួន ១១នាក់ ដែលកំពុងហ្វឹកហាត់នៅនាយកដ្ឋានអង្គរក្ស និងកីឡាករម្នាក់ទៀត កំពុងហ្វឹកហាត់នៅប្រទេសវៀតណាម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង