×

ការប្រកួតរត់ម៉ារ៉ាតុននាទីក្រុងសៀងហៃ ត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩

គណៈកម្មការរៀបចំកម្មវិធីរត់ប្រណាំងចិន បានប្រកាសថា ការរត់ម៉ារ៉ាតុងដ៏ធំប្រចាំឆ្នាំនៅទីក្រុងសៀងហៃ Shanghai Marathon ត្រូវបានផ្អាកដោយគ្មានកំណត់រហូតដល់មានការជូនដំណឹងជាថ្មី ដោយសារតែការកើនឡើងករណីឆ្លងកូវីដ១៩ នៅក្នុងប្រទេស។

ការរត់ម៉ារ៉ាតុននៅទីក្រុងសៀងហៃ គ្រោងធ្វើនៅថ្ងៃទី២៨ ខែវិច្ឆិកា តែត្រូវផ្អាកវិញ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ វាជាព្រឹត្តិការណ៍ទីបីដែលត្រូវលុបចោលបន្ទាប់ពីកម្មវិធីរត់ម៉ារ៉ាតុងនាទីក្រុងប៉េកាំង និងទីក្រុងវូហានដែលត្រូវបានផ្អាកបណ្តោះអាសន្នហើយត្រូវលើកពេលទៅកាន់ឆ្នាំ ២០២២។

យោងតាមសេចក្តីប្រកាសលើគេហទំព័រផ្លូវការគណៈកម្មការរៀបចំកម្មវិធី បានបញ្ជាក់ថា៖ “ថ្ងៃនេះ យើងសម្រេចជ្រើសរើសយកការប្រុងប្រយ័ត្នជាធំបំផុត ដោយដាក់សុខភាពអ្នករត់ អ្នកចូលរួមទាំងអស់ និងជាពិសេសប្រជាពលរដ្ឋរស់ក្នុងទីក្រុងជាអាទិភាពចម្បង”។

ចំពោះអ្នកដែលបានចុះឈ្មោះចូលរួមការប្រកួតនេះ ត្រូវបានផ្តល់ជម្រើសអោយបោះបង់សិទ្ធិ ឬអាចរក្សាសិទ្ធិរហូតដល់ឆ្នាំ២០២២។

ប្រទេសចិន បានរាយការណ៍ករណីឆ្លងកូវីដថ្មីចំនួន៥៤ករណី ដោយក្នុងនោះ៣៩ករណីជាការឆ្លងក្នុងស្រុក និង១៥ករណីនាំចូលពីក្រៅប្រទេស ហើយជាមួយតួលេខនេះ បាននាំឱ្យករណីឆ្លងសរុបកើនដល់ ៩៧.៩៣៩នាក់ ខណៈអ្នកស្លាប់សរុបមាន ៤.៦៣៦នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង