កីឡាការិនីខ្សែបម្រើ Aminata Diallo របស់ក្លិប Paris Saint German ត្រូវបានមន្រ្តីប៉ូលីសដោះលែងពីការឃុំឃាំងវិញហើយ ដោយគ្មានការពិន័យអ្វីទាំងអស់។
នារីវ័យ២៦ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីពាក់កណ្តាលសប្តាហ៍មុន បន្ទាប់ពីការស៊ើបអង្កេត ប៉ូលីសក្រុងប៉ារីសបានអះអាងថា នាងបានជួលមនុស្សឱ្យទៅធ្វើបាបមិត្តរួមក្លិបគឺកីឡាការិនី Kheira Hamraoui កាលពីថ្ងៃទី៤ វិច្ឆិកា ដើម្បីខ្លួនអាចបានកៅអីលេងឱ្យ PSG។
ទោះយ៉ាងណា នាង Aminata Diallo បានបដិសេធការចោទប្រកាន់ដាច់ខាត ហើយការស៊ើបអង្កេតជាបន្ត មិនបានរកឃើញព័ស្តុតាងបង្ហាញពីកំហុសរបស់នាងទេ ទើបប៉ូលីសសម្រេចដោះលែងវិញតែម្តង។
ជុំវិញរឿងនេះ ក្លិប PSG បានចេញសេចក្តីប្រកាសថា៖ “ក្លិបបាលទាត់ PSG បានស្នើសុំការដោះលែង Diallo ពីការឃុំឃាំងរបស់បូលីសក្នុងតំបន់។ ក្លិបនឹងបន្តជួយគាំទ្រទៅកាន់កីឡាករទាំងអស់ នឹងលើកទឹកចិត្តពួកគេឱ្យយកឈ្នះលើបញ្ហាដែលបានកើតមានដូចនេះឱ្យបានឆាប់។ ក្លិបក៏បន្តឈរលើជំហរយុត្តិធម៍តាមផ្លូវច្បាប់ផងដែរ។”
មិនតែប៉ុណ្ណោះក្លិប PSG ក៏បានថ្លែងការអរគុណទៅកាន់អ្នកគាំទ្រដែលដែលបានបង្ហាញ់ការអត់ធ្មត់លើរឿងដែលបានកើតឡើង ជាមួយការយោគយល់ដល់ឯកជនភាពរបស់ក្រុម។
សូមបញ្ជាក់ថា កីឡាការិនី Aminata Diallo ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តបទល្មើសនោះ បានចូលរួមជាមួយ Paris St Germain ក្រោយចេញពីក្លិប Guingamp ក្នុងឆ្នាំ២០១៦ ដោយជួយក្លិបបានតំណែងរងជើងឯក UEFA Women’s Champions League 2016-17។ នាង Diallo ក៏ជាសមាជិកក្រុមជម្រើសជាតិនារីបារាំងដែរ ដោយបានចូលរួមការប្រកួត៧លើកស៊ុតបាន១គ្រាប់ជួយក្រុមនារីបារាំងយកបានតំណែងរងជើងឯក UEFA Women’s Under-19 Championship ឆ្នាំ២០១៣៕