×

មកដឹងពីរឿងក្ដីរបស់ Benzema ដែលទើបតែសម្រេចសាលក្រមថ្មីៗនេះ

រឿងបានចាប់ផ្តើមជាមួយនឹងទូរស័ព្ទដៃខូចមួយគ្រឿង។ នៅក្នុងឆ្នាំ២០១៤ កីឡាករបាល់ទាត់សញ្ជាតិបារាំង Mathieu Valbuena កំពុងស្វែងរកទិន្នន័យមួយចំនួនពីទូរសព្ទដៃចាស់របស់គាត់ នៅពេលដែលជីវិតរបស់គេ បានធ្លាក់ចូលក្នុងគម្រោងការណ៍បង្ខូចកេរ្តិ៍ឈ្មោះមួយ។

ជាង៧ឆ្នាំក្រោយមក អតីតមិត្តរួមក្រុមជម្រើសជាតិបារាំងរបស់ Valbuena ពោលគឺ Karim Benzema ដែលលេងឱ្យក្លិប Real Madrid ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំដោយនៅក្រៅឃុំ និងពិន័យជាប្រាក់ ៧៥.០០០ អឺរ៉ូ (៨៤.០០០ ដុល្លារអាមេរិក) សម្រាប់ការគប់គិតក្នុងការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ។

ចុងចោទ៤នាក់ទៀត នៅក្នុងការកាត់ក្តី ក៏ត្រូវបានរកឃើញថាមានពិរុទ្ធដែរ ដោយពួកគេចំនួន ៣នាក់ប៉ុណ្ណោះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ។

លោក Tewfik Bouzenoun មេធាវីរបស់ចុងចោទម្នាក់ដែលមានឈ្មោះ Younes Houass ដែលត្រូវបានកាត់ទោសជាប់ពន្ធនាគាររយៈពេល ១៨ខែ បានប្រាប់ថា វាជាការរៀបចំ។ លោក Bouzenoun បានប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “គាត់មិនដែលចូលរួមក្នុងការបង្ខូចកេរ្តិ៍ឈ្មោះ ឬប៉ុនប៉ងធ្វើវាទេ ខណៈគាត់មិនចង់បានលុយទេ។ គាត់មិនដែលមានសំណើហិរញ្ញវត្ថុអ្វីនោះទេ។”

“ខ្ញុំគិតថា សាលក្រមនេះមានកម្រិតធ្ងន់ធ្ងរ ជាងសាលក្រមដែល បានស្នើដោយរដ្ឋអាជ្ញា ខ្ញុំមើលឃើញថា មានភាពយឺតយ៉ាវ និងការលើកលែងទោសចំពោះពួកគេ។”

ក្នុងចំណោម Files ដែលផ្ទេរចេញពីទូរសព្ទខូចរបស់ Valbuena ក្នុងឆ្នាំ២០១៤ ដោយឈ្មោះ Axel Angot គឺជាវីដេអូដែល មានបង្ហាញពីសកម្មភាពផ្លូវភេទដែលពាក់ព័ន្ធនឹង Valbuena ។ ជិតមួយឆ្នាំក្រោយមក Angot ដោយមានជំនួយពីអ្នកដទៃ បានព្យាយាមប្រើខ្សែអាត់សិច ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះកីឡាករបាល់ទាត់នេះ ក្នុងគោលបំណងជំរិតទារប្រាក់។ បុរសដែលប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះ Valbuena ក៏បានទាក់ទងទៅអតីតកីឡាករជម្រើសជាតិបារាំងម្នាក់ទៀតគឺ Djibril Cisse ដែលដូចជា Benzema ធ្លាប់លេងឱ្យក្លិបធំៗមួយចំនួននៅអឺរ៉ុប ក្នុងការប៉ុនប៉ងបញ្ចុះបញ្ចូល Valbuena ឱ្យបង់ប្រាក់ឱ្យគេ។ ទោះជាយ៉ាងណា លោក Cisse បានបដិសេធមិនជួយរឿងនេះទេ។

ដូច្នេះគេបានងាកទៅរក Benzema ឱ្យដើម្បីទៅនិយាយឈ្មោះ Karim Zenati ដែលជាមិត្តនឹង Valbuena ដើម្បីព្យាយាម បញ្ចុះបញ្ចូលគេឱ្យបង់ប្រាក់។ តុលាការបានសម្រេចថា Benzema បានប្រើអាជីពរបស់គាត់ និងកុហកដើម្បីបញ្ចុះបញ្ចូល Valbuena ឱ្យបង់ប្រាក់ និងទាក់ទងមិត្តរបស់គាត់ ពោលគឺ Karim Zenati ក្នុងគោលបំណងជួយរឿងនេះផងដែរ។

បន្ទាប់ពីសាលក្រមកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមអ្នកច្បាប់របស់ Benzema បាននិយាយថា តារា Real Madrid នឹងត្រូវបានជំនុំជម្រះនៅក្នុងតុលាការឧទ្ធរណ៍។ មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់ Benzema គឺលោក Sylvain Cormier បាននិយាយនៅខាងក្រៅតុលាការថា៖ “វាត្រូវបានប្រកាសយ៉ាងច្បាស់ដោយតុលាការថា Karim Benzema មិនបានដឹងពីឧបាយកលពីមុនទេ ហើយនៅទីបញ្ចប់ពួកគេបាននិយាយថា គាត់មិនអាច មិនស្គាល់ ដោយគ្មានព័ស្តុតាងណាមួយឡើយ។”

លោក Cormier បន្ថែមថា៖ “ពួកគេបានថ្កោលទោសគាត់ជាមួយនឹងទោសធ្ងន់ធ្ងរ និងអយុត្តិធម៌ដោយគ្មានព័ស្តុតាងឡើយ។ ខ្ញុំពិតជាភ្ញាក់ផ្អើលចំពោះសេចក្តីសម្រេចនេះណាស់”។

តុលាការ ថា Benzema និង Valbuena មិនមែនជាមិត្តនឹងគ្នាទេ មុនពេលឧប្បត្តិហេតុនេះ។ តារាឆ្នើមរបស់ Real Madrid វ័យ ៣៣ឆ្នាំរូបនេះ មិនមានសូម្បីតែលេខទូរសព្ទរបស់ Valbuena ។ តុលាការថា Benzema បានកុហកអំពីការជួបជាមួយឈ្មោះ Mustapha Zouaoui ដែលតុលាការបានហៅថាជាមេក្លោង នៅពីក្រោយការបង្ខូចកេរ្តិ៍ឈ្មោះនេះ នៅពេលសាកសួរដំបូងដោយអ្នកស៊ើបអង្កេត។

តុលាការបន្តថា Benzema បានធ្វើដូច្នេះដើម្បីការពារ Zenati ដែលជាមិត្តភ័ក្តិនៅកុមារភាពរបស់ខ្លួន។ Benzema បានទទូចថា Valbuena គួរតែជួបជាមួយ Zenati ។ កីឡាកររបស់ក្លិប Real Madrid បានប្រាប់ Valbuena ដែលឥឡូវនេះលេងឱ្យក្លិបក្រិក Olympiacos ថាមនុស្សដែលកាន់កាប់ខ្សែអាត់វីដេអូអាសអាភាសនេះ ជាក្រុមឧក្រិដ្ឋជនមកពីទីក្រុង Marseille ភាគខាងត្បូងប្រទេសបារាំង ហើយបានគំរាមគាត់មិនឱ្យទៅប្ដឹងប៉ូលីស ឬមេធាវីរបស់គាត់។

ការរកឃើញរបស់តុលាការបាននិយាយថា Benzema ថែមទាំងបានស្បថ ដោយយកជីវិតកូនស្រីរបស់គាត់មកធានា ដោយប្រាប់ទៅ Valbuena ថានឹងមិនមានការថតចម្លងវីដេអូអាសអាភាសនោះទេ។

តុលាការថា Valbuena គិតថា ពួកឧក្រិដ្ឋជនចង់បានយកប្រាក់ពីគាត់ ដើម្បីជាថ្នូរនឹងការមិនបង្ហោះវីដេអូរបស់គាត់ចេញជាសាធារណៈ។ តុលាការបានទទួលស្គាល់ថា Benzema ប្រហែលជាមិនបានដឹងអំពីឧបាយកលនៅពីក្រោយឆាកដែលកំពុងកើតឡើងនោះទេ ប៉ុន្តែបាននិយាយថា Benzema បានចូលរួមដោយផ្ទាល់ក្នុងការកុហក ដើម្បី បញ្ចុះបញ្ចូលមិត្តរួមក្រុមរបស់គាត់ [Valbuena] ឱ្យបង់ប្រាក់ និងដើម្បីទាក់ទងបុរសដែលគួរឱ្យទុកចិត្តរបស់គាត់ ក្នុងគោលបំណងប្រាប់បន្ត ពោលគឺ Karim Zenati ។

តុលាការបានធ្វើការសម្រេចនេះ ដោយផ្អែកលើខ្លឹមសារនៃការពិភាក្សារបស់ Benzema ជាមួយ Valbuena នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៥ នៅតំបន់ជាយក្រុងប៉ារីស Clairefontaine ដែលជាកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំង ដែលគាត់បានរៀបរាប់ប្រាប់ Zenati ភ្លាមៗបន្ទាប់ពីនោះ។

យ៉ាងណា តុលាការបន្តថា ការសន្ទនាតាមទូរសព្ទរវាង Benzema និង Zenatiដែលបានថតទុក ដែលត្រូវបានបង្ហាញនៅតុលាការ មិនបានបង្ហាញពីគោលបំណងល្អទៅលើ Valbuena ឡើយ ហើយ បង្ហាញពីគម្រោងនៃការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះដែលរៀបចំដោយពួកគេទាំងពីរនាក់។

Real Madrid បដិសេធ មិន ធ្វើ អត្ថាធិប្បាយ លើ ករណី នេះ ទេ ។ ចំណែកមេធាវីរបស់ Valbuena គឺលោក Paul-Albert Iweins ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការកាត់ទោសរបស់ Benzema ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង