ខ្សែបម្រើប្រយុទ្ធ Juan Cuadrado បានរកគ្រាប់បាល់យ៉ាងអស្ចារ្យតាមរយៈការទាត់ពីជ្រុង បានជួយ Juventus យកឈ្នះ Genoa ដោយលទ្ធផល ២-០ ក្នុងក្របខណ្ឌ Serie A។
ជាការពិត ការប្រកួតនាទីលាន Allianz Stadium ដំណើរការបានតែ៨នាទី Juan Cuadrado អតីតកីឡាកររបស់ Chelsea រកបានគ្រាប់ដោយការសម្រេចចិត្តទាត់ពីជ្រុង ហើយបាល់កោងផុតដៃអ្នកចាំទីក៏ចូលបានសម្រេចតែម្តង។ Cuadrado បានក្លាយជាកីឡាករទី៨ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនៅ Serie A ដែលអាចទាត់បាល់បញ្ចូលពីជ្រុង។ វគ្គទី១មានការស៊ុតបញ្ចូលទីតែ១លើកនេះប៉ុណ្ណោះ។
ឈានដល់ដើមវគ្គទី២ ក៏មិនទាន់មានការស៊ុតបញ្ចូលទីទៀតដែរ ដោយភាពស្ងប់ស្ងាត់បានរហូតដល់នាទី៨២ទើបខ្សែប្រយុទ្ធ Paulo Dybala បានទាត់បញ្ចូលទី១គ្រាប់ទៀតធានាជ័យជំនះដល់ក្រុមសេះបង្កង់ទាំងស្រុង។
សម្រាប់ជ័យជម្នះខាងលើ បានជួយឱ្យ Juventus ហក់ឡើងមកកាន់លេខ៥ក្នុងតារាងពិន្ទុ Serie A ដោយមាន ២៧ពិន្ទុ ឃ្លាតពីចំណាត់ថ្នាក់ Top 4 ៧ពិន្ទុ។ ចំពោះក្រុម Genoa គឺស្ថិតនៅតំបន់កាត់ចោលលេខ១៨មាន១០ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕