×

អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិថៃ ត្រូវបានរាយការណ៍ថានឹងឈរឈ្មោះជាបេក្ខភាពអភិបាលក្រុងបាងកក

បាងកក៖ លោកស្រី Nualphan Lamsam នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Muang Thai ត្រូវបានគេមើលឃើញថា ជាបេក្ខភាពដ៏មានសក្តានុពលនៃគណបក្ស Palang Pracharath (PPRP) ដែលកាន់អំណាច សម្រាប់ការបោះឆ្នោតជ្រើសរើសអភិបាលក្រុងបាងកកនៅឆ្នាំក្រោយ។

លោកស្រី Nualphan ដែលត្រូវបានគេដាក់ឈ្មោះថា Madam Pang ត្រូវបានរាយការណ៍ថាបានទាក់ទាញការចាប់អារម្មណ៍ពីគណបក្ស បន្ទាប់ពីការប្រកាសរបស់អភិបាលខេត្ត Pathum Thani លោក Narongsak Osottanakorn ថាគាត់នឹងមិនចូលរួមការបោះឆ្នោតនោះទេ។

មេដឹកនាំគណបក្ស PPRP លោកឧត្តមសេនីយ៍ Prawit Wongsuwon បានបដិសេធមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ អំពីលោកស្រី Nualphan ទេ។ កាសែត Bangkok Post បានព្យាយាមទាក់ទងលោកស្រី Nualphan ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែគាត់មិនអាចទាក់ទងបានទេ។

សូមជម្រាបថា លោកស្រី ក៏ជាអ្នកចាត់ការទូទៅរបស់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ដែលកំពុងប្រកួតនៅក្នុងព្រឹត្តិការណ៍ AFF Cup 2020 នៅប្រទេសសិង្ហបុរីផងដែរ ដែលក្រុមដំរីសឹកថៃ បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយត្រូវប៉ះជាមួយក្រុមវៀតណាម ខណៈម្ចាស់ផ្ទះសិង្ហបុរី នឹងប៉ះឥណ្ឌូណេស៊ី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង