Arsenal ត្រូវបានគេរាយការណ៍ថា ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Ruben Neves បើទោះបីជាអ្នកចាត់ការ Wolves លោក Bruno Lage បានដាក់តម្លៃ ១០០ លានផោនលើខ្សែបម្រើព័រទុយហ្គាល់ក៏ដោយ។
កីឡាករ Neves វ័យ ២៥ឆ្នាំ បានជួយ Wolves លេងនៅពានរង្វាន់អឺរ៉ុបនៅរដូវកាលនេះ។ បច្ចុប្បន្ន ពួកគេកំពុងឈរនៅលេខ៨ ក្នុងក្របខណ្ឌ Premier League តាមពីក្រោយក្រុមលេខ៧ Manchester United ចំនួន២ពិន្ទុ។
Neves គឺជាផ្នែកសំខាន់មួយនៃខ្សែបម្រើរបស់ Wolves ចាប់តាំងពីបានមកដល់ពីក្លិប Porto ក្នុងខែកក្កដា ឆ្នាំ២០១៧ ដោយបានឈ្នះពានរង្វាន់ជើងឯក Championship ក្នុងរដូវកាលដំបូង។ គេបានលេងច្រើនជាង ២០០ប្រកួតសម្រាប់ក្លិប និងជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់ផងដែរ។
សារព័ត៌មានSky Sports បានរាយការណ៍ថា Neves គឺជាគោលដៅកំពូលមួយរបស់ Arsenal ។ Man Utd និង Tottenham Hotspur ក៏ដូចជាក្លិបយក្សអេស្ប៉ាញ Barcelona បានទាក់ទងជាមួយខ្សែបម្រើរូបនេះផងដែរ។ Neves នៅសល់រយៈពេល ២ឆ្នាំទៀតលើកិច្ចសន្យាជាមួយ Wolves ។
Arsenal កំពុងស្វែងរកខ្សែបម្រើកណ្តាល ដើម្បីចាប់ដៃគូជាមួយ Thomas Partey ។ យោងទៅតាម The Sun ក្រុម Wolves ចាប់អារម្មណ៍លើ Martim Neto ជាអ្នកជំនួស Neves ។ កីឡាករវ័យ ១៩ឆ្នាំ ជាយុវជនរបស់ក្លិបយក្សព័រទុយហ្គាល់ Benfica ។
Arsenal ត្រូវបានផ្សារភ្ជាប់ជាមួយនឹង Neves កាលពីរដូវក្តៅមុន។ Sky Sports អះអាងថា Wolves ដាក់តម្លៃខ្សែបម្រើរូបនេះ ចន្លោះពី ៥០លានផោនទៅ ៦០លានផោន ប៉ុន្តែថ្មីៗនេះ អ្នកចាត់ការ Lage បានទទូចថា គេអាចមានតម្លៃរហូតដល់ ១០០លានផោន។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕