Chelsea នឹងត្រូវជួបជាមួយ Liverpool ជាលើកទីពីរ នៅកីឡដ្ឋាន Wembley នៅរដូវកាលនេះ ខណៈដែលពួកគេ បានយកឈ្នះលើក្រុម Crystal Palace ដើម្បីឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup យប់មិញ។
Liverpool បានឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Carabao Cup ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងខែកុម្ភៈ ប៉ុន្តែ Chelsea នឹងមានឱកាសសងសឹក ខណៈគ្រាប់បាល់នៅតង់ទីពីររបស់ Ruben Loftus-Cheek និង Mason Mount បានធានាជ័យជម្នះរបស់ពួកគេ។
កីឡាករបម្រុង Loftus-Cheek ដែលប្ដូរចូលជំនួស Mateo Kovacic បានផ្ដល់ការនាំមុខនៅនាទីទី៦៥ សម្រាប់ក្រុមតោខៀវ។
Palace មានឱកាសរបស់ពួកគេ អ្នកចាំទី Edouard Mendy របស់ Chelsea បានសង្គ្រោះយ៉ាងល្អពី Cheikhou Kouyate ក្នុងតង់ទីមួយ ប៉ុន្តែពួកគេមិនអាចវាយបកបានទេ បន្ទាប់ពី Mount បានស៊ុតបញ្ចូលទី ពេលសល់ ១៤នាទីចុងក្រោយនៃការប្រកួត។
Chelsea បានឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ជាលើកទី៣ ជាប់ៗគ្នា ហើយឥឡូវនេះ ពួកគេនឹងសង្ឃឹមថា នឹងអាចផ្លាស់ប្តូរប្រវត្តិសាស្រ្តថ្មីៗនេះ បន្ទាប់ពីចាញ់ ២លើកមុននៅវគ្គផ្ដាច់ព្រ័ត្រ ក្រោមថ្វីជើងក្រុម Arsenal និង Leicester City ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕