ការប្រកួតប្រជែងដ៏ធំបំផុតមួយនៅលើពិភពលោក នៅក្របខណ្ឌ Premier League នឹងកើតឡើងម្ដងទៀត នៅយប់ថ្ងៃអង្គារ ឈានចូលថ្ងៃពុធនេះ ខណៈ Liverpool ទទួលក្រុមភ្ញៀវ Manchester United នៅកីឡដ្ឋាន Anfield ដែលមានផ្សាយបន្តផ្ទាល់ផ្ដាច់នៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង ២:០០នាទីរំលងអាធ្រាត្រតទៅ។
កូនក្រុមរបស់លោក Jurgen Klopp បានបំពាក់ទៅលើក្រុម Man Utd ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Old Trafford កាលពីខែតុលា ឆ្នាំ២០២១។ ក្រុមបិសាចក្រហម Man Utd ឈ្នះ ២ ចាញ់ ២ និងស្មើ ២ ក្នុងការប្រកួត Premier League ៦លើកចុងក្រោយរបស់ពួកគេ ដែលធ្វើឱ្យពួកគេ តាមពីក្រោយក្រុមលេខ៤ ចំនួន ៣ពិន្ទុ។
លោក Klopp នៅតែមានក្រុមដែលស្ទើរតែពេញលេញ ដើម្បីជ្រើសរើសសម្រាប់ការប្រកួតយប់នេះ។ Sadio Mane ស្ថិតក្នុងមន្ទិលសង្ស័យក្នុងការប្រកួតយប់នេះ បន្ទាប់ពីស្អំជើង ពេលប្ដូរចេញពីទីលាន Wembley ដែលបានយកឈ្នះ Man City ៣-២ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ។
ក្រុមរបស់លោក Ralf Rangnick រង់ចាំការវិលត្រឡប់របស់ Fred និង Scott McTominay ក្នុងតំបន់កណ្តាលដែលអាចផ្តល់ឱកាស ឱ្យ Nemanja Matic ខណៈ Rafael Varane, Luke Shaw និង Edinson Cavani ត្រូវ អវត្តមាន។ ថ្មីៗនេះ ខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo បានប្រកាសពីមរណភាពរបស់កូនប្រុសរបស់គាត់ ដែលធ្វើឱ្យការចូលរបស់គាត់នៅយប់នេះ មិនទាន់ច្បាស់។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson (GK); Trent Alexander-Arnold (RB), Ibrahima Konate (CB), Virgil van Dijk (CB), Kostas Tsimikas (LB); Fabinho (DM), Jordan Henderson (CM), Thiago (CM); Mohamed Salah (RW), Diogo Jota (ST), Luis Diaz (LW)
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
David de Gea (GK); Diogo Dalot (RB), Victor Lindelof (CB), Harry Maguire (CB), Alex Telles (LB); Nemanja Matic (DM), Paul Pogba (CM), Bruno Fernandes (CM);Anthony Elanga (RW), Marcuz Rashford (ST), Jadon Sancho (LW)
ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមច្រើនជាង ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Liverpool ៣-១ Man Utd ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕