×

Arsenal បញ្ចប់ការចាញ់៣ប្រកួតជាប់ៗគ្នា បន្ទាប់ពីយកឈ្នះ Chelsea នៅក្រៅដី

Arsenal កំពុងប្រជែងតំណែងមួយក្នុងតារាង Top 4 របស់ Premier League ខណៈពួកគេ បានបញ្ចប់ការចាញ់ ៣លើកជាប់ៗគ្នា ជាមួយនឹងការទទួលជ័យជម្នះដ៏សំខាន់ទល់នឹង Chelsea កាលពីយប់មិញ នៅកីឡដ្ឋាន Stamford Bridge ។

ក្តីសង្ឃឹមរបស់ក្រុមកាំភ្លើងធំ ក្នុងការទទួលបានកៅអីមួយក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ ត្រូវបានបំផ្លាញដោយការចាញ់៣ប្រកួតចុងក្រោយមុនឈ្នះក្រុមតោខៀវ ប៉ុន្តែជ័យជម្នះនេះ នឹងផ្តល់នូវជំនឿជាថ្មី។

Eddie Nketiah ត្រូវបានជ្រើសរើសជំនួសកីឡាករ Alexandre Lacazette ក្នុងតំបន់ប្រយុទ្ធរបស់ Arsenal ហើយគេបានផ្តល់ជំនឿទុកចិត្តដល់អ្នកចាត់ការ Mikel Arteta នៅពេលដែលគេស៊ុតនាំមុខឱ្យក្រុមកាំភ្លើងធំ នៅនាទីទី១៣។ ខណៈ Timo Werner បានតាមស្មើ ៤នាទីក្រោយមក មុនពេល Emile Smith Rowe បានផ្តួលអ្នកចាំទី Edouard Mendy ដោយការស៊ុតបន្ថែមគ្រាប់ទី២ សម្រាប់ក្រុមភ្ញៀវនៅនាទីទី២៧។ Chelsea បានវាយបកម្ដងទៀត ដោយប្រធានក្រុម Cesar Azpilicueta ទម្លុះសំណាញ់ទី នៅនាទីទី៣២

ចូលដល់វគ្គទីពីរ ខ្សែការពារ Chelsea បានបង្កកំហុសជាច្រើន ធ្វើឱ្យ Nketiah ផ្ដល់ការនាំមុខសាជាថ្មីសម្រាប់ Arsenal នៅនាទីទី៥៧។ អ្វីៗ ត្រូវបានបញ្ចប់ នៅពេលដែល Bukayo Saka ស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៩០ បូក ២ បន្ទាប់ពីគេត្រូវបានបង្កកំហុសដោយ Azpilicueta ។ ចប់ការប្រកួត Chelsea ២ Arsenal ៤ ។

ក្រុម Arsenal ឥឡូវនេះកំពុងមានពិន្ទុ ស្មើនឹងក្រុមលេខ៤ Tottenham Hotspur (៥៧ពិន្ទុ) ជាមួយនឹងការប្រកួតរវាងក្រុមទាំងពីរ នៅកីឡដ្ឋាន Emirates ដែលឈាននឹងមកដល់។ ចំណែក Chelsea លទ្ធផលនេះ មិនបានប៉ះពាល់ដល់ចំណាត់ថ្នាក់របស់ពួកគេឡើយ ដោយបន្តឈរនៅលេខ៣ មាន ៦២ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង