Everton បានខិតកាន់តែកៀកទៅនឹងការកាត់ចោលពីក្របខណ្ឌ Premier League បន្ទាប់ពីចាញ់ Liverpool ២-០ ក្នុងការប្រកួត Merseyside Derby កាលពីយប់មិញ។
ក្រុមរបស់លោក Frank Lampard អ្នកចាត់ការ Everton បានធ្លាក់ចូលទៅចំណាត់ថ្នាក់បាតតារាងទាំង៣ បន្ទាប់ពី Burnley ឈ្នះការប្រកួតជាលើកទីពីរជាប់ៗគ្នារបស់ពួកគេ លើក្រុម Wolves នៅថ្ងៃជាមួយគ្នា។
គ្រាប់បាល់ក្នុងតង់ទីពីរពី Andy Robertson និង Divock Origi បានធានា៣ពិន្ទុរបស់ Liverpool និងរក្សាគម្លាតត្រឹមតែ ១ពិន្ទុពីក្រុមកំពូលតារាង Manchester City ។
ក្រុម Everton នៅមានការប្រកួតចំនួន ៦ ដើម្បីជៀសវាងការកាត់ចោលពីក្របខណ្ឌកំពូលអង់គ្លេស ខណៈឥឡូវនេះពួកគេ មានគម្លាត ២ពិន្ទុតាមពីក្រោយក្រុម Burnley។ Everton ធ្វើជាម្ចាស់ផ្ទះទទួល Chelsea នៅសប្តាហ៍ក្រោយ មុនពេលជួប Leicester, Watford, Brentford, Crystal Palace និង Arsenal ។
ក្រោយបរាជ័យ អ្នកគាំទ្ររបស់ Everton បានបំផ្លាញទ្រព្យសម្បត្តិក្នុងកីឡដ្ឋាន Anfield របស់ Liverpool ។ បើយោងតាមការចែករំលែកលើបណ្ដាញសង្គម បានបង្ហាញថា តំបន់ Road End នៃកីឡដ្ឋានបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ប្លុកបង្គន់មួយចំនួន ត្រូវបានវាយកម្ទេច ខណៈទូរទស្សន៍ជាច្រើនគ្រឿង ក៏ត្រូវបានខូចខាតដែរ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕