×

Fulham ដែលបានឡើងមក Premier League ក្លាយជាជើងឯកលីគទី២ ទោះសល់១ប្រកួត

ទោះបីជាបានធានាកៅអីសម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅរដូវកាលក្រោយកាលពីប៉ុន្មានសប្ដាហ៍មុនក្ដី ក៏ Fulham មិនទាន់បានលើកពានរង្វាន់ Championship នោះឡើយ។ ទើបតែការប្រកួតយប់នេះ Fulham ប្រកាសខ្លួនជាជើងឯកក្របខណ្ឌលីគទីពីររបស់អង់គ្លេសជាផ្លូវការ។

ខ្សែប្រយុទ្ធ Aleksandar Mitrovic បង្កើតកំណត់ត្រាដោយរកបាន ៤៣គ្រាប់ក្នុងមួយរដូវកាល បន្ទាប់ពីបានស៊ុតបញ្ចូលទីពីរគ្រាប់ ជួយឱ្យ Fulham ទទួលបានជ័យជម្នះ ៧-០ លើក្រុម Luton Town ដើម្បីគ្រងជើងឯក Championship ។ កំណត់ត្រាចាស់ ៤២គ្រាប់ បានទៅលើកីឡាករ Guy Whittingham កាលពីរដូវកាល ១៩៩២-៩៣។

ជាមួយគ្នានេះ Fabio Carvalho ដែលត្រូវបានផ្សារភ្ជាប់នឹងការផ្ទេរមកកាន់ក្លិបហង្សក្រហម Liverpool ជាអ្នករកគ្រាប់ទី៣នៃការប្រកួតផងដែរ។

ពួកគេនឹងត្រូវប៉ះក្រុម Sheffield United នៅក្រៅដីនៅថ្ងៃប្រកួតចុងក្រោយនៃរដូវកាលនេះ ខណៈក្រុម Luton ឈរនៅចំណាត់ថ្នាក់លេខ៦។ ក្រុមលេខ២ នឹងបានឡើងទៅក្របខណ្ឌ Premier League ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៣ លេខ៤ លេខ៥ និង លេខ៦ នឹងត្រូវប្រកួត Play-off ២ដង ដើម្បីស្វែងរកក្រុមចុងក្រោយ១ក្រុម ឡើងទៅ Premier League ជាមួយ Fulham ។

Fulham បានឡើងមកឈរលើកំពូលតារាង Championship ជាលើកដំបូង នៅដើមខែសីហាហើយបាន ក្ដាប់ចំណាត់ថ្នាក់លេខ១ តាំងពីថ្ងៃទី២០ ខែវិច្ឆិកា បន្ទាប់ពីក្រុម Bournemouth បានកាន់កាប់មួយរយៈពេលខ្លី។ នេះជាលើកទីមួយហើយដែល Fulham ឈ្នះពានលីគទីពីរ ចាប់តាំងពីរដូវកាល ២០០០-០១។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង