×

ដំណើរស្វែងរកពានរង្វាន់របស់ West Ham ក្នុងរយៈពេល៤៣ឆ្នាំ ត្រូវបានបញ្ចប់នៅរដូវកាលនេះ

ក្តីសុបិនរបស់ West Ham ត្រូវបានបញ្ចប់ ខណៈពួកគេបានទទួលរងបរាជ័យ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ UEFA Europa League ដោយសារក្រុមអាល្លឺម៉ង់ Eintracht Frankfurt ដែលនឹងជួបក្រុម Rangers នៅវគ្គផ្តាច់ព្រ័ត្រ។

ខ្សែការពារ Aaron Cresswell និងអ្នកចាត់ការ David Moyes ត្រូវបានបណ្តេញចេញពីទីលានប្រកួត នៅរាត្រីដ៏ក្តៅគគុកក្នុងប្រទេសអាល្លឺម៉ង់ ខណៈក្រុម West Ham ដែលមកពី Premier League បានមិនអាចធានាកៅអីមួយនៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អឺរ៉ុបនេះ។

ក្រុមរបស់លោក Moyes បានចាញ់ Frankfurt កាលពីជើងទីមួយ ក្នុងដីដោយលទ្ធផល ២-១ ។ នៅជើងទីពីរយប់មិញ West Ham បានចាប់ផ្តើមយ៉ាងល្អ រហូតដល់ Cresswell បង្កើតកំហុសលើកីឡាករ Jens Petter Hauge ។ ដំបូងកីឡាកររូបនេះ ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតលឿង ប៉ុន្តែបានប្ដូរទៅជាកាតក្រហម បន្ទាប់ពីការពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR)។

ក្រុមមកពីអាល្លឺម៉ង់ បានរកគ្រាប់នាំមុខនៅពេលដែល Rafael Borre រកគ្រាប់នៅនាទីទី២៦ ពីបាល់បញ្ជូនរបស់ Ansgar Knauff ។ វាកាន់តែអាក្រក់ទៅៗសម្រាប់ក្រុម West Ham នៅពេលដែលអ្នកចាត់ការ Moyes ខកចិត្តបានទាត់បាល់សំដៅលើក្មេងរើសបាល់ ហើយត្រូវបានពិន័យកាតក្រហមភ្លាមៗ។ សរុបលទ្ធផលទាំងពីរជើង West Ham ១ Frankfurt ៣។

អ្នកគាំទ្រ Frankfurt រាប់ម៉ឺននាក់បានចូលទៅលើទីលានប្រកួត ដើម្បីអបអរការប្រកួតវគ្គផ្តាច់ព្រ័ត្រអឺរ៉ុបជាលើកដំបូងរបស់ពួកគេ ចាប់តាំងពីឆ្នាំ១៩៨០។ ចំណែកការទន្ទឹងរង់ចាំរបស់ក្រុម West Ham ក្នុងការឈ្នះពានរង្វាន់សំខាន់ណាមួយ បានអូសបន្លាយដល់ ៤៣ឆ្នាំផងដែរ។

ក្រុម Rangers មកពីស្កុតឡែន បានផ្តួលក្រុម Leipzig ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីជួបជាមួយក្រុម Frankfurt ក្នុងទីក្រុង Seville ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធ ទី១៨ ខែឧសភា។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង