×

Roman Abramovich លុបបំណុល១,៥ពាន់លានផោនដែល Chelsea ត្រូវផ្ដល់ជូនគាត់ នៅពេលក្លិបត្រូវបានលក់

លោក Roman Abramovich បាននិយាយថាគាត់មិនបានទាមទារឱ្យ Chelsea សងប្រាក់កម្ចី ១,៥ ពាន់លានផោន នៅពេលដែលក្លិបត្រូវបានលក់ទៅឱ្យអ្នកថ្មីនោះទេ។

មហាសេដ្ឋីរុស្ស៊ីបានដាក់ Chelsea ដាក់លក់នៅខែមីនា ហើយក្រោយមកត្រូវបានទទួលទណ្ឌកម្មពីរដ្ឋាភិបាលចក្រភពអង់គ្លេស ដោយសារបញ្ហារុស្ស៊ី និងអ៊ុយក្រែន។

អ្នកនាំពាក្យម្នាក់ បាននិយាយថា Abramovich នឹងធានាថា ប្រាក់ចំណូលដែលបានមកពីការលក់ក្លិប នឹងត្រូវប្រើប្រាស់ក្នុងសកម្មភាពសប្បុរសធម៌។ អ្នកនាំពាក្យបានបន្ថែមថា ប្រាក់កម្ចីនេះនឹងត្រូវបង្កកដោយសារទណ្ឌកម្មពីសហភាពអឺរ៉ុប។ ទោះយ៉ាងណាក៏ដោយ ក៏ពួកគេ នឹងប្រើប្រាស់វាសម្រាប់បង្កើតមូលនិធិសប្បុរធម៌ តាមបំណងរបស់លោក Abramovich ។

លោក Abramovich ដែលត្រូវបានដកសិទ្ធិជានាយកនៃក្លិប Chelsea កាលពីខែមីនា បាននិយាយថា ប្រាក់ចំណូលនៃការលក់នឹងត្រូវបរិច្ចាគទៅជនរងគ្រោះក្នុងសង្គ្រាម។ អ្នកនាំពាក្យរបស់គាត់ ប្រាប់ក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ថា ជំហរនេះមិនបានផ្លាស់ប្តូរទេ ហើយពួកគេបានអញ្ជើញអ្នកតំណាងជាន់ខ្ពស់មកពីស្ថាប័នអង្គការសហប្រជាជាតិ និងអង្គការសប្បុរសធម៌ពិភពលោកធំៗ ដើម្បីពិភាក្សាពីការបង្កើតមូលនិធិនេះ។

ម្ចាស់ក្រុមកីឡាប៉េសប៊ល Los Angeles Dodgers លោក Todd Boehly ជាអ្នកដេញថ្លៃដែលអាចក្លាយជាម្ចាស់ក្លិប Chelsea ថ្មី។ ប៉ុន្តែរបាយការណ៍នៅដើមសប្តាហ៍នេះបានចោទប្រកាន់ថា លោក Abramovich បានចង់ឱ្យម្ចាស់ក្លិប Chelsea ថ្មីសង់ប្រាក់កម្ចីចំនួន ១,៥ពាន់លានផោន។ ប៉ុន្តែពេលនេះ លោកបានបញ្ជាក់ថា លោកនឹងទាមទារឱ្យធ្វើបែបនេះទេ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Abramovich មិនបានដំឡើងតម្លៃក្លិបនៅនាទីចុងក្រោយទេ។ ថ្ងៃផុតកំណត់នៃការដេញថ្លៃគឺថ្ងៃទី៣១ ខែឧសភា នៅពេលដែលអាជ្ញាបណ្ណប្រតិបត្តិការពិសេសរបស់ Chelsea ផុតសុពលភាព។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង