×

លោក Todd Boehly ទិញបាន Chelsea ក្នុងកិច្ចព្រមព្រៀងតម្លៃ៤ពាន់លានផោន

លោក Todd Boehly និងក្រុមហ៊ុនរបស់គាត់ បានឈ្នះក្នុងការដេញថ្លៃដើម្បីទិញ Chelsea យកមកគ្រប់គ្រង ក្នុងកិច្ចព្រមព្រៀងដែលអាចមានតម្លៃរហូតដល់ ៤ពាន់លានផោន។

 

យោងតាមកាសែត The Daily Telegraph សហម្ចាស់ក្រុមកីឡាប៉េសប៊ល LA Dodgers នៅអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីទិញក្លិបបាល់ទាត់នៃក្របខណ្ឌ Premier League និងបញ្ចប់ការកាន់កាប់រយៈពេល ១៩ឆ្នាំរបស់មហាសេដ្ឋីរុស្ស៊ី Roman Abramovich ។

កិច្ច​ព្រម​ព្រៀង​នេះ ​​ស្ថិត​ក្រោម​ការ​យល់ព្រម​ពី​ស្ថាប័ន Premier League និង​រដ្ឋាភិបាលចក្រភព​អង់គ្លេស។ លោក Boehly នឹងបញ្ចប់កិច្ចព្រមព្រៀងមុនដំណាច់ខែនេះ ដោយអាជ្ញាបណ្ណប្រតិបត្តិការពិសេសរបស់ Chelsea នឹងផុតសុពលភាពនៅថ្ងៃទី៣១ ឧសភា។

ក្រុមរបស់លោក Boehly បានឈ្នះការដេញថ្លៃ កាលពីថ្ងៃសុក្រសប្តាហ៍មុន បើទោះបីជាមានការចាប់អារម្មណ៍ពីមហាសេដ្ឋីអង់គ្លេសលោក Sir Jim Ratcliffe ក៏ដោយ។ ក្រុមរបស់ Boehly រួមមានអ្នកជំនួញរួម Hansjorg Wyss, Mark Walker និង Jonathan Goldstein ។

 

នៅសប្តាហ៍នេះ Chelsea បានចេញសេចក្តីថ្លែងការណ៍មួយក្នុងនាមលោក Abramovich ដោយទទូចថា មហាសេដ្ឋីរុស្ស៊ី មិនបានទាមទារសំណងទឹកប្រាក់ចំនួន ១,៦ពាន់លានផោន ដែលគាត់បានផ្តល់ឱ្យក្លិប Chelsea នោះទេ។ លោក Abramovich បានដាក់លក់ Chelsea កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយសារតែប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។

សេដ្ឋីអាយុ ៥៥ឆ្នាំរូបនេះ ត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលចក្រភពអង់គ្លេសកាលពីថ្ងៃទី១០ ខែមីនា ដោយនាយករដ្ឋមន្ត្រីអង់គ្លេស បានអះអាងថា លោក Abramovich មានទំនាក់ទំនងជាមួយលោកប្រធានាធិបតីរុស្ស៊ី។

លោក Abramovich បានគ្រប់គ្រងក្លិប Chelsea អស់រយៈពេល ១៩ឆ្នាំដោយបានជួយជ្រោមជ្រែងឱ្យក្លិបនៅទីក្រុងឡុងដ៍ ឈ្នះពានរង្វាន់ចំនួន ២១ ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង