×

Premier League Preview៖ ជំនួបដណ្ដើម Top 4, Spurs ទល់នឹង Arsenal ផ្សាយបន្តផ្ទាល់នៅ MyTV យប់នេះ

ការប្រកួតរវាងក្រុមពីរនៅទីក្រុងឡុងដ៍ នឹងត្រូវធ្វើឡើងនៅកីឡដ្ឋាន Tottenham Hotspur ខណៈក្រុម Tottenham Hotspur ទទួលស្វាគមន៍ក្រុមភ្ញៀវ Arsenal ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់កំពូលទាំង៤ ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ នៅយប់ថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រ វេលាម៉ោង ១:៤៥ នាទីតទៅ។

Arsenal ត្រូវការជ័យជម្នះដើម្បីកក់កៅអី Top 4 ជាស្ថាពរ ប៉ុន្តែការទទួលជ័យជម្នះរបស់ Spurs នឹងធ្វើឱ្យការប្រកួតប្រជែងសម្រាប់កន្លែង Champions League ត្រូវរង់ចាំដល់សប្ដាហ៍បន្តបន្ទាប់។ ក្រុមកាំភ្លើងធំ មាន ៦៦ពិន្ទុ លើសក្រុមមាន់ខ្នាយមាសតែ ៤ពិន្ទុប៉ុណ្ណោះ ដោយនៅសល់ ៣ប្រកួតក្នុងដៃដូចគ្នា។

ការប្រកួតនេះ គ្រោងនឹងលេងកាលពីខែមករា ប៉ុន្តែវាត្រូវបានលុបចោល បន្ទាប់ពីការស្នើសុំទៅកាន់ Premier League ពីក្រុមកាំភ្លើងធំ Arsenal ដែលបានបាត់កីឡាករចំនួន ១២នាក់ ដោយសារឆ្លងកូវីដ១៩ ការព្យួរ និងការជាប់កាតព្វកិច្ចនៅក្រុមជម្រើសជាតិ។

លោក Antonio Conte បានបញ្ជាក់ថា ក្រុម Spurs របស់គាត់ នឹងមានកីឡាករដូចកាលពីប៉ះ Liverpool នៅប្រកួតមុនដែលបានស្មើគ្នា។ ដូច្នេះ Sergio Reguilon នឹងអវត្តមាននៅខ្សែការពារស្លាបឆ្វេង។ Oliver Skipp, Japhet Tanganga និង Matt Doherty មិនអាចចូលលេងបានទេ សម្រាប់ការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ។

លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បានបញ្ជាក់ថា Bukayo Saka មិនអីទេ បន្ទាប់ពីខ្សែបម្រើស្លាបរូបនេះ ត្រូវបានដកចេញក្នុងជ័យជម្នះលើក្រុម Leeds ។ ខ្សែការពារកណ្តាល Ben White នឹងអាចត្រឡប់មកវិញ បន្ទាប់ពីខកខានការប្រកួតពីរលើកមុនជាមួយនឹងបញ្ហាសរសៃពួរ។ ចំណែក Kieran Tierney និង Thomas Partey នៅតែអវត្តមានរយៈពេលវែង ហើយទំនងជាមិនត្រលប់មកវិញមុនចប់រដូវកាលឡើយ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Hugo Lloris (GK); Cristian Romero (CB), Eric Dier (CB), Ben Davies (CB); Emerson Royal (RWB), Rodrigo Bentancur (CM), Pierre-Emile Hojbjerg (CM), Ryan Sessegnon (LWB); Dejan Kulusevski (RF), Harry Kane (ST), Son Heung-min (LF)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Aaron Ramsdale (GK); Cedric Soares (RB), Ben White (CB), Gabriel Magalhaes (CB), Takehiro Tomiyasu (LB); Granit Xhaka (CM), Mohamed Elneny (CM), Martin Odegaard (AM); Bukayo Saka (RW), Eddie Nketiah (ST), Gabriel Martinelli (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមលើស ៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Spurs ២-៣ Arsenal ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង