×

Arsenal តាមប្រមាញ់កីឡាកររបស់ Man City ក្រោយការមកដល់របស់ Haaland

Arsenal បានដាក់គោលដៅលើកីឡាកររបស់ក្លិប Manchester City ពោលគឺខ្សែប្រយុទ្ធ Gabriel Jesus នៅក្នុងទីផ្សារដោះដូរកីឡាករ នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមអ្នកជំនាញដោះដូរកីឡាករសញ្ជាតិអ៊ីតាលី Fabrizio Romano ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះ ត្រូវបានចាត់ទុកថាជាគោលដៅសម្រាប់ក្រុមកាំភ្លើងធំ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយបើយោងតាមលោក Romano បានឱ្យដឹងថា ក្លិបភាគខាងជើងទីក្រុងឡុងដ៍ឥឡូវនេះ បានចាត់ទុក Jesus ជាគោលដៅចម្បងដើម្បីពង្រឹងប្រព័ន្ធប្រយុទ្ធ។

អ្នកកាសែត Romano អះអាងថា កិច្ចព្រមព្រៀងរបស់ Manchester City ក្នុងការចុះហត្ថលេខាលើ Erling Haaland ពីក្រុម Borussia Dortmund អាចត្រួសត្រាយផ្លូវសម្រាប់ Gabriel Jesus ដើម្បីចាកចេញពីកីឡដ្ឋាន Etihad ។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងលើ ក៏និយាយផងដែរថា មិនទាន់មានទំនាក់ទំនងផ្ទាល់ណាមួយរវាង Arsenal និង Manchester City អំពីលទ្ធភាពនៃការផ្ទេរនោះទេ។

លោកថែមទាំងបាននិយាយថា ក្រុមកាំភ្លើងធំ កំពុងតាមដានខ្សែបម្រើ Youri Tielemans របស់ Leicester City ផងដែរ។

Jesus សញ្ជាតិប្រេស៊ីល មានទម្រង់លេងល្អសម្រាប់ក្រុមរបស់លោក Pep Guardiola ក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានចំនួន ៨ដងក្នុង ២៦ប្រកួតក្នុងក្របខណ្ឌ Premier League ។ គេក៏បានស៊ុតបាល់បញ្ចូលទីបានចំនួន ៤គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១ ដងក្នុងការបង្ហាញខ្លួនចំនួន ៨ដងក្នុងពានរង្វាន់ Champions League ។

គួររំឭកថា Gabriel Jesus បានចូលរួមជាមួយ Manchester City ពីក្លិបប្រេស៊ីល Palmeiras កាលពីខែមករា ឆ្នាំ២០១៧។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង