×

Philippe Coutinho សម្រេចការផ្ទេរពី Barcelona មកកាន់ Aston Villa ក្នុងតម្លៃ១៨លានផោន

Aston Villa បានបញ្ជាក់ពីការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់ Philippe Coutinho ពី Barcelona កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្លិបយក្សអេស្ប៉ាញនេះ បានបញ្ជាក់ពីតម្លៃពិតប្រាកដ ១៨លានផោន ដែលខ្លួនទទួលបានពីក្លិបមកពីក្របខណ្ឌ Premier League សម្រាប់ការផ្ទេរនេះ។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅកីឡដ្ឋាន Villa Park ដោយបង្ហាញទម្រង់លេងដ៏អស្ចារ្យ និងផ្តល់នូវគ្រាប់បាល់ចំនួន ៤គ្រាប់ និង assist ៣ដងក្នុង១៦ប្រកួត។ Coutinho មានទំនាក់ទំនងយ៉ាងល្អនៅក្រោមការគ្រប់គ្រងរបស់អ្នកចាត់ការ Steven Gerrard ។

ក្លិប Aston Villa បានចុះហត្ថលេខាលើគាត់ក្នុងកិច្ចសន្យាអចិន្ត្រៃយ៍ក្នុងរយៈពេល ៤ឆ្នាំ។ គណនីរបស់ក្លិប Premier League បានសរសេរនៅលើ Twitter ថា៖ “Aston Villa មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសពីការចុះហត្ថលេខាជាអចិន្ត្រៃយ៍របស់ Philippe Coutinho ពី Barcelona ក្នុងតម្លៃមិនបង្ហាញ”។

ក្រោយមក Barcelona បានប្រកាសថា៖ “ក្លិប FC Barcelona និង Aston Villa បានឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករ Philippe Coutinho ក្នុងតម្លៃ ២០លានអឺរ៉ូ (១៨លានផោន)”។

គួរជម្រាបថា Coutinho បានចូលរួមជាមួយ Barcelona ពីក្រុម Liverpool ក្នុងតម្លៃ១៣៥លានផោន កាលពីឆ្នាំ២០១៨។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង