×

Everton មិនទាន់រួចផុតពីហានិភ័យនៃការកាត់ចោលទេ បន្ទាប់ពីចាញ់ Brentford

អ្នកចាត់ការទូទៅរបស់ Everton លោក Frank Lampard ដែលសល់គ្នាត្រឹម ៩នាក់ ត្រូវបាន Brentford យកឈ្នះដោយលទ្ធផល ២-៣ នៅកីឡដ្ឋាន Goodison Park កាលពីយប់មិញ។

វាជារឿងដ៏គួរឱ្យសោកស្ដាយ សម្រាប់ Everton ។ លទ្ធផលស្មើរបស់ Leeds United ជាមួយ Brighton នៅថ្ងៃអាទិត្យមុននេះ មានន័យថា ជ័យជម្នះរបស់ក្រុមរបស់ Lampard លើ Brentford នឹងគ្រប់គ្រាន់សម្រាប់ការបន្តស្នាក់នៅក្របខណ្ឌ Premier League សម្រាប់រដូវកាលក្រោយ ដោយសល់២ប្រកួតក្នុងដៃ ប៉ុន្តែផ្ទុយទៅវិញ ការទទួលបរាជ័យយប់មិញ បានធ្វើឱ្យពួកគេដាច់តែ ២ពិន្ទុពីក្រុមលេខ១៨ Burnley និង ១ពិន្ទុពីលើក្រុមលេខ១៧ Leeds ដែលនៅសល់១ប្រកួតក្នុងដៃ។

ខ្សែប្រយុទ្ធ Dominic Calvert-Lewin បានបោះបាល់ឱ្យ Richarlison ស៊ុតបញ្ចូលទី ដើម្បីឱ្យក្រុមម្ចាស់ផ្ទះនាំមុខនៅនាទីទី១០ ប៉ុន្តែខ្សែការពារវ័យជំទង់ Jarrad Branthwaite ត្រូវបានបណ្ដេញចេញ នៅនាទី១៨ ដែលធ្វើឱ្យក្រុម Everton សល់គ្នាតែ១០នាក់។ ខ្សែការពារ Coleman បានបង្កកំហុសធ្វើឱ្យបាល់ចូលទីខ្លួនឯងនៅនាទី៣៧ មុនពេលដែល Richarlison ស៊ុតប៉េណាល់ទីបញ្ចូលគ្រាប់ទី២ សម្រាប់ក្រុមម្ចាស់ផ្ទះ ឱ្យបញ្ចប់វគ្គទីមួយក្នុងលទ្ធផល ២-១ ។

យ៉ាងណាមិញ Brentford បានគ្រប់គ្រងការប្រកួតក្នុងវគ្គទីពីរ ហើយបានវាយបកយក ២គ្រាប់មកវិញ តាមរយៈការតែតបាល់ពី Yoane Wissa និង Rico Henry នៅនាទីទី៦២ និង ៦៤។ កំពុងត្រូវការគ្រាប់បាល់ស្មើ កីឡាករបម្រុង Salomon Rondon របស់ Everton ត្រូវបានផ្ដល់កាតក្រហមសម្រាប់ការទាត់ជើងពីរលើ Henry ។

ជ័យជម្នះនេះ បានជួយឱ្យ Brentford ឡើងទៅលេខ១១ ដោយតាមពីក្រោយក្រុមលេខ៩ Leicester និងក្រុមលេខ១០ Brighton ចំនួន ២ពិន្ទុ ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង