សប្ដាហ៍ចុងក្រោយ ទី៣៨ នៃក្របខណ្ឌ Premier League នឹងឈានចូលមកដល់នៅយប់នេះ នៅពេលដែលក្រុមទាំង២០ ធ្វើការប្រកួតដំណាលគ្នា វេលាម៉ោង ១០យប់តទៅ ថ្ងៃអាទិត្យ ទី២២ ខែឧសភានេះ ដែល CTN និង MyTV នឹងផ្សាយបន្តផ្ទាល់ចំនួន ២គូ។
រឿង ៥យ៉ាងដែលអ្នកគួរដឹងមុនការប្រកួតយប់នេះ៖
១. ការប្រជែងពានរង្វាន់ EPL
ឈានចូលដល់សប្ដាហ៍នេះ ពិន្ទុរបស់ក្រុមកំពូលតារាង Manchester City លើស Liverpool ត្រឹមតែ១ពិន្ទុប៉ុណ្ណោះ។ ជ័យជម្នះរបស់ Man City លើក្រុមភ្ញៀវ Aston Villa នឹងធានាការលើកពានរង្វាន់លីគកំពូលអង់គ្លេស ប៉ុន្តែលទ្ធផលស្មើឬចាញ់ នឹងបើកឱកាសសម្រាប់ Liverpool របស់លោក Jurgen Klopp ក្នុងការឆក់យកពានពីក្រុមរបស់លោក Pep Guardiola ។
២. ចំណាត់លេខ៤ ឬ កៅអី Champions League
Arsenal ស្ទើរតែកក់កៅអី UEFA Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ កាលពីប្រកួតជាមួយ Tottenham Hotspur ប៉ុន្តែក្រុមកាំភ្លើងធំ បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ ធ្វើឱ្យគម្លាតនៅសល់១ពិន្ទុ។ កាន់តែអាក្រក់ទៀតនោះ កូនក្រុមរបស់លោក Mikel Arteta បន្តចាញ់ម្ចាស់ផ្ទះ Newcastle United កាលពីប្រកួតមុន ធ្វើឱ្យ Spurs ដែលឈ្នះប្រកួតមុន ឡើងឈរលេខ៤វិញ និងដាច់ ២ពិន្ទុ។
យប់នេះ ក្រុមរបស់លោក Arteta ត្រូវធ្វើការធ្ងន់ជាងក្រុមរបស់លោក Antonio Conte ដោយសារ Arsenal ត្រូវប៉ះ Everton ដែលទើបតែធានាកៅអី EPL នៅរដូវកាលក្រោយ ខណៈ Spurs ជួប Norwich ដែលបានធ្លាក់ទៅក្របខណ្ឌ Championship រួចទៅហើយ ដូច្នេះលទ្ធផលសម្រាប់ពួកគេមិនសំខាន់ទេនៅយប់នេះ។
៣. Man Utd ចង់រក្សាកៅអីពានរង្វាន់ UEFA Europa League រដូវកាលក្រោយ
ក្រុមបិសាចក្រហម កំពុងឈរនៅលេខ៦ លើសក្រុមលេខ៧ West Ham តែ ២ពិន្ទុប៉ុណ្ណោះ។ លទ្ធផលត្រឹមស្មើ អាចធានាការលេងនៅ Europa League សម្រាប់កូនក្រុមរបស់លោក Ralf Rangnick នៅពេលជួប Crystal Palace ប៉ុន្តែ West Ham របស់លោក David Moyes នៅតែមានសង្ឃឹម នៅពេលជួបក្រុមម្ចាស់ផ្ទះ Brighton ។
៤. ក្រុមមួយណា ដែលត្រូវកាត់ចេញពី EPL ?
ក្រុមលេខ១៧ Burnley និងក្រុមលេខ១៨ Leeds United មានពិន្ទុស្មើគ្នា គ្រាន់តែខុសគ្រាប់បាល់។ Leeds បានធ្លាក់មកចំណាត់ថ្នាក់នេះ បន្ទាប់ពីមិនស្គាល់ពាក្យថាឈ្នះ ៥ប្រកួតចុងក្រោយ ដោយចាញ់៣ និងស្មើ២។
យប់នេះ គូប្រកួតរបស់ក្រុមទាំងពីរ ជាក្រុមប្រហាក់ប្រហែលគ្នា ដោយ Leeds ទៅសួរសុខទុក្ខក្រុមលេខ១១ Brentford ខណៈ Burnley ទទួលក្រុមលេខ១២ Newcastle ដែលទើបតែឈ្នះ Arsenal កាលពីប្រកួតមុន។
៥. ស្បែកជើងមាស កំពុងក្ដៅគគុក
Cristiano Ronaldo ប្រហែលជាបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ក្នុងតារាង Top Scorer ដោយមាន ១៨គ្រាប់ មុនការប្រកួតយប់នេះ ដែលផ្ដល់ឱកាសសម្រាប់ Son Heung-Min ប្រជែងពានរង្វាន់ស្បែកជើងមាសជាមួយ Mo Salah ដែលមានគ្រាប់បាល់ EPL លើសតែ១គ្រាប់ប៉ុណ្ណោះលើតារាបាល់ទាត់កូរ៉េខាងត្បូង។ អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបញ្ជាក់ថា Salah នឹងអាចចូលលេង បន្ទាប់ពីអវត្តមានកាលពីប្រកួតមុន។
យប់នេះ MyTV នឹងផ្សាយបន្តផ្ទាល់ការប្រកួតរវាង Liverpool ទល់នឹង Wolves ខណៈ CTN ផ្សាយជំនួបរវាង Man City ទល់នឹង Aston Villa ។
កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕