ក្លិប Nottingham Forest បានបញ្ចប់ការរង់ចាំរយៈពេល ២៣ឆ្នាំរបស់ពួកគេសម្រាប់ការត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ជាមួយនឹងជ័យជម្នះលើក្រុម Huddersfield Town ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off នៅក្របខណ្ឌ Championship នាកីឡដ្ឋាន Wembley កាលពីយប់មិញ។
ការឡើងទៅកាន់ក្របខណ្ឌកំពូលវិញចាប់តាំងពីឆ្នាំ១៩៩៩របស់ពួកគេ កើតចេញពីគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Levi Colwill នៃក្រុម Huddersfield Town ពីការបញ្ជូនរបស់ James Garner ដែលជាកីឡាករខ្ចីជើងពីក្លិប Manchester United ។ លទ្ធផល ១-០ បានរក្សារហូតដល់ចប់ការប្រកួត។
អ្នកចាត់ការ Steve Cooper របស់ Forest ធ្វើបានល្អ បន្ទាប់ពីបានចូលកាន់តំណែងពីលោក Chris Hughton ដែលត្រូវបានបណ្តេញចេញកាលពីខែកញ្ញា។
ការវិលត្រឡប់របស់ Forest គឺបន្ទាប់ពីមានការបានចាប់ផ្តើមរដូវកាលដែលមិនសូវបានល្អនោះទេ។ ក្រុមដែលឈ្នះពាន European Cup (បច្ចុប្បន្នគឺ Champions League) ពីរសម័យ រកបានតែ ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ៧ប្រកួតដំបូងរបស់ពួកគេនៅរដូវកាលនេះ ដែលជាការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេក្នុងរយៈពេល ១០៨ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ អ្នកចាត់ការ Cooper បានជួយឱ្យពួកគេ ឡើងទៅកាន់ចំណាត់ថ្នាក់កំពូលទាំង៦ ជាលើកដំបូងក្នុងរដូវកាលនេះ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ ពួកគេ ក៏បានឈ្នះលើក្រុម Arsenal និង Leicester City មកពីក្របខណ្ឌ Premier League សម្រាប់ការប្រកួតពានរង្វាន់ FA Cup ថែមទៀតផងដែរ មុនពេលត្រូវរងបរាជ័យក្រោមថ្វីជើងក្រុមជើងឯក Liverpool ក្នុងវគ្គ ៨ក្រុមចុងក្រោយ៕