ទីបំផុត អ្នកចាត់ការរបស់ក្រុម Chelsea លោក Thomas Tuchel អាចចាប់ផ្តើមរៀបចំផែនការសម្រាប់អនាគតរបស់ពួកគេ បន្ទាប់ពីលោក Todd Boehly បានក្លាយជាម្ចាស់ក្លិបថ្មីជាផ្លូវការ កាលពីថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០២២។
លោក Boehly និងក្រុមហ៊ុនរបស់គាត់ បានទិញក្នុងតម្លៃ ៤,២៥ ពាន់លានផោន ដើម្បីគ្រប់គ្រងក្លិបពីអតីតម្ចាស់ ដែលជាជនជាតិរុស្ស៊ី ពោលគឺលោក Roman Abramovich ។
តម្លៃលក់គឺ ២,៥ពាន់លានផោន ខណៈដែលកិច្ចព្រមព្រៀង បានកំណត់ថា ទឹកប្រាក់ចំនួន ១,៧៥ ពាន់លានផោនទៀត នឹងត្រូវប្រើប្រាស់សម្រាប់ការវិនិយោគក្នុងរយៈពេល ១០ឆ្នាំ។
ចំណែក លោក Abramovich មិនទាមទារប្រាក់ ២,៥ ពាន់លានផោននោះទេ ដោយវានឹងត្រូវបានបរិច្ចាគទៅមូលនិធិសប្បុរសធម៌ថ្មីមួយ ដើម្បីជួយជនរងគ្រោះក្នុងសង្គ្រាមនៅអ៊ុយក្រែន។
លោក Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម កាលពីថ្ងៃទី១០ ខែមីនា។ វាបានធ្វើឱ្យលោក Abramovich មិនអាចរកប្រាក់ចំណេញពីការលក់ Chelsea បានទេ។
Chelsea ត្រូវបានផ្តល់អាជ្ញាបណ្ណពិសេសដើម្បីអនុញ្ញាតឱ្យពួកគេបន្តប្រតិបត្តិការ ប៉ុន្តែវាបានភ្ជាប់មកជាមួយលក្ខខណ្ឌសំខាន់ៗ រួមទាំងការរឹតត្បិតលើចំណាយ និងការលក់សំបុត្រ។ ជាលទ្ធផល Chelsea មិនត្រូវបានអនុញ្ញាតឱ្យទិញ-លក់ ឬផ្តល់កិច្ចសន្យាថ្មីដល់កីឡាករណាមួយឡើយ។ ប៉ុន្តែការចូលកាន់តំណែងរបស់ម្ចាស់ក្លិបថ្មី កាល ពីថ្ងៃចន្ទ មានន័យថា ក្លិបអាចចាប់ផ្តើមដំណើរការជាប្រក្រតីឡើងវិញ ដូចពេលមុនការដាក់ទណ្ឌកម្ម។
Chelsea នឹងមានសេរីភាពក្នុងការលក់ និងចុះហត្ថលេខាលើកីឡាករក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ៕