យោងតាមអ្នកជំនាញដោះដូរកីឡាករ លោក Fabrizio Romano បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Hugo Ekitike របស់ក្រុម Reims បានយល់ព្រមលើកិច្ចសន្យារយៈពេល៥ឆ្នាំជាមួយ Newcastle United ។
កីឡាករវ័យ ១៩ឆ្នាំរូបនេះមានសក្តានុពលជាច្រើន ហើយត្រូវបានគេកំណត់ថាជាគោលដៅសំខាន់មួយរបស់អ្នកចាត់ការ Eddie Howe នៃក្រុម Newcastle ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
Newcastle នឹងពិភាក្សាជាមួយ Reims លើព័ត៌មានលម្អិតចុងក្រោយដើម្បីបញ្ចប់កិច្ចព្រមព្រៀង។ Fabrizio Romano រាយការណ៍ថា Newcastle បានព្យាយាមក្នុងការនាំយក Ekitike មកចូលរួមក្លិប អស់រយៈពេលជាច្រើនខែ បន្ទាប់ពីការចរចា ចាប់ផ្ដើមកាលពីខែមករា។
ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ អាចស៊ុតបញ្ចូលទីបាន ១១គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៤ដងក្នុងការបង្ហាញខ្លួន ២៦ លើកសម្រាប់ក្រុមនៅ Ligue 1 ។ Reims បានបញ្ចប់នៅពាក់កណ្តាលតារាងក្នុងចំណាត់ថ្នាក់លេខ១២ ។
Ekitike បានបង្ហាញខ្លួនជាលើកដំបូង កាលពីខែតុលា ឆ្នាំ២០២០ មុនពេលខ្ចីជើងជាមួយក្រុម Vejle ក្នុងប្រទេសដាណឺម៉ាក។ នៅទីនោះ គេបានស៊ុតបញ្ចូលទីបាន ៣គ្រាប់ មុនពេលត្រលប់ទៅ Reims ៕