កីឡាករមកពីក្លិប Manchester City និងក្លិប Liverpool នៃក្របខណ្ឌ Premier League បានស្ថិតនៅក្នុងបញ្ជីកីឡាករថ្លៃជាងគេទាំង១០។
យោងតាមការសិក្សាស្រាវជ្រាវរបស់ CIES Football Observatory ដែលមានមូលដ្ឋាននៅប្រទេសស្វីស បានឱ្យដឹងថា កីឡាកររបស់ Man City ចំនួន ៣រូប រួមមាន Erling Haaland, Phil Foden និង Ruben Dias ព្រមទាំងកីឡាកររបស់ Liverpool ម្នាក់ ពោលគឺ Luis Diaz បានស្ថិតក្នុងបញ្ជីកីឡាករថ្លៃជាងគេនៅលើពិភពលោក។
Erling Haaland ដែលបានផ្ទេរពី Borussia Dortmund មកកាន់ក្រុមមេឃខៀវ Man City មានតម្លៃ ១៥២,៦ លានអឺរ៉ូ ដែលធ្វើឱ្យខ្សែប្រយុទ្ធន័រវែសរូបនេះ នៅក្រោមតែ Kylian Mbappe (២០៥,៦លានអឺរ៉ូ) និង Vinicius Junior (១៨៥,២លានអឺរ៉ូ) ប៉ុណ្ណោះ។
ចំពោះ Luis Diaz ដែលកំពុងលេចធ្លោនៅ Liverpool ក្រោយផ្ទេរពី Porto កាលពីខែមករា ឆ្នាំ២០២២ មានតម្លៃ ១១០ លានអឺរ៉ូ ដែលស្ថិតនៅចន្លោះរវាង Phil Foden (១២៤លានអឺរ៉ូ) និង Ruben Dias (១០៩,៦ លានអឺរ៉ូ)។
បញ្ជីនេះ បានរកឃើញកីឡាករ EPL ចំនួន ៤១នាក់ បានស្ថិតនៅក្នុងចំណោមកីឡាករថ្លៃជាងគេទាំង ១០០ នាក់ នៅលើពិភពលោក៕