Erling Haaland ត្រូវបានបង្ហាញជាកីឡាកររបស់ Manchester City កាលពីថ្ងៃអាទិត្យ ហើយភ្លាមៗនោះ ខ្សែប្រយុទ្ធរូបនេះ បានអះអាងថា ខ្លួនចង់ប្រកួតជាមួយ Manchester United។
កីឡាករវ័យ 21 ឆ្នាំបានចូលរួមជាមួយក្រុមមេឃខៀវ ពីក្លិប Borussia Dortmund ក្នុងកិច្ចព្រមព្រៀង 60 លានអឺរ៉ូ កាលពីខែមុន ខណៈក្លិបបានប្រកាសពីការចុះហត្ថលេខាលើកីឡាករចំនួន 4 នាក់ នៅចំពោះមុខអ្នកគាំទ្ររាប់រយនាក់ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅកីឡដ្ឋាន Etihad ។
នៅពេលសួរថាតើក្រុមណាដែលខ្លួនចង់ប្រកួតជាមួយខ្លាំងបំផុត Haaland បានឆ្លើយតបថា៖ “ខ្ញុំមិនចង់និយាយពាក្យនេះទេ ប៉ុន្តែ គឺ Manchester United”។
ឪពុករបស់គាត់ Alf-Inge បានលេងឱ្យ Man City នៅដើមទសវត្សរ៍ឆ្នាំ 2000 ហើយគាត់បានសារភាពថា គាត់ជាម្ចាស់អាវយឺតរបស់ Sergio Aguero ដោយអះអាងថា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិបគឺជាគំរូសម្រាប់គាត់។
Haaland ត្រូវបានបង្ហាញជាមួយ Julian Alvarez, Stefan Ortega Moreno និង Kalvin Phillips ទោះបីជា Phillips មិនអាចចូលរួមព្រឹត្តិការណ៍នេះ ដោយផ្ទាល់ដោយសារតែជំងឺក៏ដោយ៕