អ្នកចាត់ការទូទៅរបស់ក្រុម Manchester United លោក Erik ten Hag និយាយថា លោកមិនអាចទទួលយកបានទេ ដែលកីឡាករជាច្រើនរួមទាំង Cristiano Ronaldo បានចាកចេញពីការប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យ នៅឯកីឡដ្ឋាន Old Trafford ទល់នឹង Rayo Vallecano មុនចប់ការប្រកួត។
Ronaldo បានចូលលេងចំនួន 45 នាទីដំបូង មុននឹងត្រូវបានប្ដូរចេញនៅមុនកញ្ចែរវគ្គទីពីរ។គេត្រូវបានគេថតបានពេលចាកចេញជាមួយ Diogo Dalot ព្រមទាំងជាច្រើននាក់ ដែលពួកគេបានចាកចេញ 10 នាទីមុនពេលបញ្ចប់។
Ten Hag បានប្រាប់ថា៖ “យើងជាក្រុម ហើយវាមានន័យថាអ្នកត្រូវនៅរហូតដល់ចប់ការប្រកួត”។ “នេះគឺជារឿងដែលមិនអាចទទួលយកបាន សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធ។”
Man Utd បានស្មើក្នុងការប្រកួតនេះ ក្នុងលទ្ធផល 1-1 ដោយ Ronaldo មិនអាចស៊ុតបាល់បញ្ចូលទីបានឡើយ។ កីឡាករវ័យ 37 ឆ្នាំដែលបានត្រលប់ទៅ Man Utd កាលពីរដូវកាលមុន បន្ទាប់ពីប្រកបអាជីពជាមួយ Real Madrid និង Juventus មានបំណងចង់ចាកចេញពីក្លិប ដើម្បីបន្តការប្រកួតក្នុងក្របខណ្ឌ Champions League ។
កីឡាករព័រទុយហ្គាល់ ត្រូវបានអនុញ្ញាតឱ្យសម្រាកពីដំណើរទេសចរណ៍មុនរដូវកាលរបស់ Man Utd នៅប្រទេសថៃ និងអូស្ត្រាលីសម្រាប់ហេតុផលផ្ទាល់ខ្លួន។
Man Utd នឹងបើករដូវកាល Premier League 2022-23 របស់ពួកគេ ដោយទទួលក្រុម Brighton នៅថ្ងៃអាទិត្យ ទី 7 ខែសីហា៕