អ្នកចាត់ការក្រុម Chelsea លោក Thomas Tuchel បានបញ្ជាក់ថា កីឡាករ N’Golo Kante នឹងអវត្តមានយ៉ាងហោចណាស់ 4 សប្តាហ៍ជាមួយនឹងរបួសសរសៃពួរ។
ខ្សែបម្រើសញ្ជាតិបារាំងវ័យ 31 ឆ្នាំរូបនេះ បានរងរបួសក្នុងការប្រកួតដែល Chelsea ស្មើ 2-2 ជាមួយក្រុម Tottenham Hotspur ហើយបានខកខានការប្រកួតចាញ់ក្រុម Leeds 3-0 កាលពីចុងសប្តាហ៍មុន។
Tuchel នឹងមិនអាចឈរបញ្ជាកូនក្រុមបានទេ ក្នុងការប្រកួតទល់នឹងក្រុម Leicester នៅថ្ងៃសៅរ៍នេះ ដោយសារតែការហាមប្រាមមួយប្រកួតរបស់គាត់។ គាត់បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះ ប៉ុន្តែ កាល ពី ថ្ងៃ សុក្រ សមាគម កីឡា បាល់ទាត់ អង់គ្លេសបាន បញ្ជាក់ ថា ការ ប្តឹង ឧទ្ធរណ៍ របស់ លោក មិន បាន ជោគជ័យ ទេ។ លោកត្រូវបានដាក់បម្រាមមួយប្រកួត ជុំវិញការប្រឈមមុខជាមួយលោក Antonio Conte នៅចុងនៃការប្រកួតរបស់ Chelsea ជាមួយនឹងក្រុម Tottenham Hotspur កន្លងទៅ។
Tuchel នឹងអាចចូលរួមទស្សនាការប្រកួតជាមួយ Leicester នៅកីឡដ្ឋាន Stamford Bridge និងអាចទាក់ទងជាមួយក្រុមរបស់គាត់ ប៉ុន្តែគាត់មិនត្រូវចូលក្នុងទីលានបាននោះទេ៕