Chelsea បានចុះហត្ថលេខាជាមួយខ្សែការពារកណ្តាលសញ្ជាតិបារាំង Wesley Fofana ពី Leicester City ក្នុងកិច្ចសន្យារយៈពេល 7 ឆ្នាំក្នុងតម្លៃខ្លួន 70 លានផោន។
កីឡាករអន្តរជាតិបារាំងអាយុក្រោម 21 ឆ្នាំ Fofana បានបង្ហាញខ្លួន 37 ប្រកួតនៅ Premier League ចាប់តាំងពីចូលរួមជាមួយ Leicester ពីក្លិបបារាំង Saint-Etienne កាលពីឆ្នាំ 2020 ។ គេបានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះ កាលពីរដូវកាលឆ្នាំ 2021-22 បន្ទាប់ពីបាក់ជើងនៅមុនរដូវកាល។
គេគឺជាខ្សែការពារ Premier League ដែលមានតម្លៃថ្លៃជាងគេទី 3 បន្ទាប់ពី Harry Maguire បានផ្ទេរទៅ Manchester United ក្នុងតម្លៃ 80 លានផោនកាលពីឆ្នាំ 2019 ពី Leicester និង Virgil van Dijk របស់ Liverpool ដែលបានចូលរួមក្នុងតម្លៃ 75 លានផោនកាលពីឆ្នាំ 2017 ។
កិច្ចព្រមព្រៀង Fofana ធ្វើឱ្យការចំណាយលើទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះរបស់ក្លិបទាំងអស់នៅ Premier League កើនឡើងដល់ជិត 1.7 ពាន់លានផោន។ កំណត់ត្រាពីមុន គឺ 1.43 ពាន់លានផោនក្នុងឆ្នាំ 2017 ។
ប្រធានក្លិបតោខៀវ Chelsea លោក Todd Boehly ដែលបានចំណាយជិត 250 លានផោនក្នុងទីផ្សារដោះដូរកីឡាករដំបូងរបស់គាត់ ចាប់តាំងពីការទិញក្លិបពីលោក Roman Abramovich បាននិយាយថា៖ “Wesley គឺជាខ្សែការពារដ៏មានសក្តានុពលម្នាក់ដែលបានបង្ហាញពីគុណភាពរបស់គាត់រួចហើយ នៅក្នុងក្របខណ្ឌ Premier League នៅវ័យក្មេង” ៕