លោក Mikel Arteta អ្នកចាត់ការរបស់ក្រុមកាំភ្លើងធំ Arsenal បានរិះគន់ការសម្រេចចិត្តមិនអនុញ្ញាតសម្រាប់គ្រាប់បាល់របស់ Gabriel Martinelli ក្នុងការបរាជ័យរបស់ Arsenal នៅក្នុងដីរបស់ Manchester United ។
Arsenal គិតថាពួកគេបាននាំមុខមុននៅនាទីទី 12 នៅពេលដែល Martinelli បានបញ្ចប់ទីយ៉ាងល្អ បន្ទាប់ពីត្រូវបានបញ្ជូនពី Bukayo Saka ដោយ Christian Eriksen ត្រូវបានដួលពេលប៉ះទង្គិចជាមួយ Odegaard ដែលជាឧប្បត្តិហេតុមួយដ៏ចម្រូងចម្រាស។
ប៉ុន្តែគ្រាប់បាល់នោះមិនត្រូវបានអនុញ្ញាតទេ បន្ទាប់ពីមន្ត្រី VAR បានណែនាំដល់អាជ្ញាកណ្តាល Paul Tierney ឱ្យពិនិត្យមើល។ ក្រុមកាំភ្លើងធំ បានចាញ់ 3-1 នៅកីឡដ្ឋាន Old Trafford ខណៈជ័យជម្នះ 5 ដងរបស់ពួកគេក្នុងរដូវកាលនេះត្រូវបានបញ្ចប់ ប៉ុន្តែអ្នកចាត់ការក្រុម Arsenal លោក Arteta និយាយថាការសម្រេចចិត្តនេះគឺ ពិបាកទទួលយក។
អ្នកចាត់ការរូបនេះបានប្រាប់ថា៖ “វាមិនសមនោះទេ។ តើវាជាការប៉ះទង្គិចស្រាលឬ? កាលពីសប្តាហ៍មុន ពួកគេ [Aston Villa] ទទួលបានគ្រាប់បាល់មួយនៅពេលដែលមានកំហុសលើ Aaron [Ramsdale] ប៉ុន្តែវាជាការប៉ះទង្គិចស្រាល ហើយវាមិនជាកំហុសនោះទេ។”
“បន្ទាប់មកមានការពិន័យលើ Bukayo [Saka ដោយ Tyrone Mings] ប៉ុន្តែវាស្រាល ហើយមិនមែនជាការពិន័យប៉េណាល់ទីទេ។ ប៉ុន្តែថ្ងៃនេះគឺជាកំហុស។”
ចំណែក Odegaard ជឿជាក់ថាខ្លួនបានដណ្ដើមបាល់ពី Eriksen ដោយយុត្តិធម៌។ កីឡាករសញ្ជាតិន័រវេសបានប្រាប់ថា៖ “តាមគំនិតរបស់ខ្ញុំ វាមិនមែនជាកំហុសនោះទេ។”
“វាជាឧប្បត្តិហេតុស្រាល ហើយសម្រាប់ VAR ត្រូវតែមានភាពច្បាស់លាស់។ វាជារឿងដដែលជាច្រើនដងហើយ។
“ក្នុងកាមេរ៉ា វាមើលទៅលើសបន្តិចហើយ ប៉ុន្តែសម្រាប់ខ្ញុំ វាមិនមែនជាកំហុសទេ ដូច្នេះវាជាការខកចិត្តសម្រាប់យើង”៕