×

Chelsea នឹង​ជួបពិភាក្សា​ជាមួយ​អ្នកចាត់ការ Brighton លោក Graham Potter

Chelsea គ្រោងនឹងជួបពិភាក្សាជាមួយអ្នកចាត់ការក្លិប Brighton លោក Graham Potter អំពីការជំនួស Thomas Tuchel ដែលត្រូវបានបញ្ឈប់ពីតំណែង។

Tuchel ដែលបានឈ្នះពានរង្វាន់ចំនួន 3 ក្នុងរយៈពេល 20 ខែនៅកីឡដ្ឋាន Stamford Bridge ត្រូវបានបណ្តេញចេញដោយក្រុមតោខៀវកាលពីថ្ងៃទី 7 ខែកញ្ញា ឆ្នាំ 2022 ។ Tuchel ត្រូវបានបណ្តេញចេញពីការងារបន្ទាប់ពីបាត់បង់ទំនុកចិត្តពីកីឡាកររបស់ Chelsea និងម្ចាស់ថ្មីដែលបានចូលកាន់តំណែងនៅក្លិបកាលពីខែឧសភា។

អតីតគ្រូបង្វឹក Swansea និង Ostersunds FK Potter អាយុ 47 ឆ្នាំត្រូវបានអនុញ្ញាតពីក្លិប Brighton ដើម្បីនិយាយជាមួយ Chelsea ។ Potter ដែលត្រូវបានគេចាត់ទុកថា ជាអនាគតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បាននាំ Brighton ឡើងទៅលេខ 4 ក្នុងតារាងក្នុងរដូវកាលនេះ បន្ទាប់ពីឈ្នះ 4 ប្រកួត និងស្មើ 1 ប្រកួតក្នុងចំណោម 6 ប្រកួតនៅ Premier League។

គាត់ត្រូវបានតែងតាំងនៅកាលពីខែឧសភា ឆ្នាំ 2019 ហើយបានដឹកនាំក្លិបឈានដល់ចំណាត់ថ្នាក់ទី 15 ទី 16 និងទី 9 ក្នុងការដឹកនាំ 3 រដូវកាល។

ម្ចាស់ថ្មីរបស់ Chelsea បានចំណាយ 255.3 លានផោនក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅកន្លងទៅ ដោយនាំយកកីឡាករថ្មី 8 នាក់។ បច្ចុប្បន្ន ពួកគេឈរនៅលេខរៀងទី 6 ក្នុងក្របខណ្ឌ Premier League បន្ទាប់ពីឈ្នះ 3 ស្មើ 1 និងចាញ់ 2 នៅពេលដែលពួកគេបានចែកផ្លូវពី Tuchel ។

Chelsea គ្រោងនឹងធ្វើការណាត់ជួបជាមួយនឹងអតីតគ្រូបង្វឹក Spurs និង Paris St-Germain លោក Mauricio Pochettino អតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane និងគ្រូបង្វឹក Leicester បច្ចុប្បន្នលោក Brendan Rodgers ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង