Chelsea ផ្ដល់ប្រាក់បៀវត្សរ៍ខ្ពស់ដល់អ្នកចាត់ការទូទៅ Graham Potter ដែលធ្វើឱ្យគាត់ក្លាយជាអ្នកចាត់ការដែលមានប្រាក់ខែខ្ពស់បំផុតទី 4 របស់ Premier League ។
ក្រុមតោខៀវ បានប្រកាសតែងតាំងអតីតគ្រូបង្វឹក Brighton & Hove Albion លោក Potter ជាអ្នកចាត់ការទូទៅកាលពីថ្ងៃទី 8 ខែកញ្ញា។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ បានជំនួសតំណែង Thomas Tuchel ដែលបានបាត់បង់ការងារ បន្ទាប់ពី Chelsea ចាញ់ Dinamo Zagreb ក្នុងពានរង្វាន់ Champions League ។
ក្រុមតោខៀវ បានផ្តល់ឱ្យ Potter នូវកិច្ចព្រមព្រៀងដ៏ធំដែលមានតម្លៃ 60 លានផោន។ Potter បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល 5 ឆ្នាំដែលមានតម្លៃ 12 លានផោនក្នុងមួយឆ្នាំ។ នេះបើយោងតាម Daily Telegraph ។
របាយការណ៍របស់ The Sun កាលពីខែមេសា បានឱ្យដឹងថា អ្នកចាត់ការ Pep Guardiola របស់ Manchester City គឺជាអ្នកចាត់ការដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេបំផុត (19 លានផោនក្នុងមួយឆ្នាំ)។ លោក Potter នឹងក្លាយជាអ្នកចាត់ការដែលមានប្រាក់បៀរវត្សរ៍ខ្ពស់លំដាប់ទី 4 បន្ទាប់ពីលោក Jurgen Klopp របស់ Liverpool (16 លានផោនក្នុងមួយឆ្នាំ) និង Antonio Conte របស់ Tottenham Hotspur (15 លានផោនក្នុងមួយឆ្នាំ)។ ចំណែកលោក Erik ten Hag ដែលចូលមកដឹកនាំ Manchester United (9 លានផោនក្នុងមួយឆ្នាំ) នៅដើមរដូវកាលនេះ ស្ថិតនៅក្រោមលោក Brendan Rodgers របស់ Leicester City (10 លានផោនក្នុងមួយឆ្នាំ)៕