លោក Todd Boehly បានបង្ហាញចក្ខុវិស័យរបស់គាត់សម្រាប់ Chelsea ដែលធ្វើឱ្យក្រុមនេះក្លាយជាផ្នែកមួយនៃ “គំរូកម្មសិទ្ធិលើពហុក្លិប” ស្រដៀងទៅនឹង RB Leipzig និង Manchester City ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវយ៉ក ម្ចាស់និងជាប្រធានក្លិប Chelsea ក៏បានពន្យល់ថា Thomas Tuchel ត្រូវបានបណ្តេញចេញដោយសារតែអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ មិនបានចែករំលែកផែនការផ្ទាល់ខ្លួនរបស់គាត់ជាមួយក្លិបឡើយ។
លោក Boehly បាននិយាយថា គាត់មានការចាប់អារម្មណ៍ចំពោះគំរូកម្មសិទ្ធិលើពហុក្លិប ដែលដំណើរការដោយ Red Bull និង Manchester City ហើយបានបង្ហាញពីការវិនិយោគរបស់គាត់អាចពង្រីកដើម្បីរួមបញ្ចូលក្រុមផ្សេងទៀតនៅទូទាំងទ្វីបអឺរ៉ុប។
Boehley បាននិយាយនៅថា៖ “យើងបាននិយាយអំពីគំរូកម្មសិទ្ធិលើពហុក្លិប ហើយខ្ញុំចង់ធ្វើវា” ។
“ខ្ញុំគិតថាមានអត្ថប្រយោជន៍ ក្នុងការគ្រប់គ្រងក្លិបដែលនៅប្រទេសផ្សេងៗគ្នា។ Red Bull ធ្វើបានល្អណាស់ ពួកគេមាន Leipzig ហើយពួកគេមាន Salzburg ដែលក្លិបទាំងពីរកំពុងលេងនៅ Champions League ។ ពួកគេបានរកឃើញពីវិធីដើម្បីធ្វើវា។”
“យើងស្គាល់ Man City ដែលមានបណ្តាញក្លិបធំៗ។ បញ្ហាប្រឈមដែល Chelsea មាននៅពេលនេះគឺថា នៅពេលដែលអ្នកមានតារាឆ្នើមអាយុពី 18 ទៅ 20 ឆ្នាំ អ្នកអាចបញ្ជូនពួកគេទៅក្លឹបផ្សេងទៀតខ្ចីជើង ប៉ុន្តែការអភិវឌ្ឍរបស់ពួកគេ ស្ថិតនៅក្នុងដៃរបស់ក្លិបផ្សេង។”
“គោលដៅរបស់យើង គឺធ្វើឱ្យប្រាកដថាយើងអាចអភិវឌ្ឍតារាឆ្នើម Chelsea របស់យើង ដើម្បីចូលទៅកាន់ទីលាន ដោយទទួលបានឱកាសលេងគ្រប់គ្រាន់។ សម្រាប់ខ្ញុំ វិធីនោះគឺទិញក្លិបមួយទៀតក្នុងលីគដែលមានការប្រកួតប្រជែងខ្លាំងនៅអឺរ៉ុប៕”