គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់ Erling Haaland បានធ្វើឱ្យ Manchester City វាយបកយកឈ្នះលើអតីតក្លិបចាស់របស់ខ្លួន Borussia Dortmund ក្នុងការប្រកួតពានរង្វាន់ Champions League នៅកីឡដ្ឋាន Etihad ។
Man City ត្រូវបាននាមុខក្រុមភ្ញៀវ នៅពេលដែល Jude Bellingham បានតែតបញ្ជូនទីពីបាល់បោះរបស់ Marco Reus នៅនាទីទី 56 ។ ប៉ុន្តែក្រុមរបស់លោក Pep Guardiola បានខិតខំប្រឹងប្រែងរហូតរកបានគ្រាប់បាល់តាមស្មើវិញដោយនៅសល់ 10 នាទីចុងក្រោយនៃការប្រកួត តាមរយៈការស៊ុតពីចម្ងាយយ៉ាងលឿនពីខ្សែការពារ John Stones ។ 4 នាទីក្រោយមក Joao Cancelo បានបញ្ជូនចូលទៅប្រអប់គ្រោះថ្នាក់ ដែល Haaland បានលោតលើកជើងយ៉ាងខ្ពស់ដើម្បីឆ្កឹះបាល់បញ្ចូលទី។ លទ្ធផលចប់ការប្រកួត Man City 2 Dortmund 1 ។
ទន្ទឹមគ្នានេះ លោក Graham Potter បានដឹកនាំ Chelsea ជាលើកដំបូងជាមួយនឹងលទ្ធផលស្មើជាមួយ RB Salzburg នៅក្នុងការប្រកួតមួយផ្សេងទៀត នៃពានរង្វាន់ Champions League ។
អតីតអ្នកចាត់ការរបស់ Brighton បានជ្រើសរើស Raheem Sterling ជាខ្សែបម្រើស្លាប ហើយគេបានស៊ុតកោងចូលជ្រុងជិតបង្គោលទី នៅនាទីទី 48 ។ វាគឺជាទម្រង់លេងដែលប្រសើរឡើងច្រើនពីការចាញ់ Dinamo Zagreb ក្នុងការប្រកួតបើកឆាកពូល E របស់ពួកគេកាលពីសប្តាហ៍មុន។
ប៉ុន្តែក្រុមអូទ្រីសរបស់អ្នកចាត់ការ Matthias Jaissle វាយបកដោយការតាមស្មើនៅនាទីទី 75 ពេល Thiago Silva មិនអាចស្កាត់ការរត់របស់ Noah Okafor ស៊ុតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Junior Adamu។
បន្ទាប់ពីការឈ្នះ 3-1 របស់ AC Milan លើ Zagreb ក្រុម Chelsea ស្ថិតនៅបាតតារាងនៃពូល E បន្ទាប់ពីពីរប្រកួត។ ក្រុមតោខៀវ ត្រូវជួបជាមួយក្រុមជើងឯក Serie Aនៅកីឡដ្ឋាន Stamford Bridge នាថ្ងៃទី 6 ខែតុលា៕