Pep Guardiola បានប្រៀបធៀប Erling Haaland ទៅនឹង Johan Cruyff បន្ទាប់ពីកីឡាករន័រវេសដ៏ឆ្នើមរូបនេះ បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អក្នុងការប្រកួតជាមួយក្រុម Borussia Dortmund ។
Haaland បានធ្វើឱ្យក្លិបចាស់របស់ខ្លួនភ្ញាក់ផ្អើល នៅពេលសល់ 6 នាទីចុងក្រោយនៃការប្រកួតពានរង្វាន់ Champions League នៅកីឡដ្ឋាន Etihad ខណៈគេបានលាតសន្ធឹងជើងយ៉ាងខ្ពស់ដើម្បីស៊ុតបញ្ចូលទី ពីការបញ្ជូនរបស់ Joao Cancelo ។
Man City ដណ្តើមបានជ័យជម្នះ 2-1 បន្ទាប់ពីពួកគេបានតាមពីក្រោយ 1-0 ដោយ John Stones នៅនាទីទី 80 ។ វាក៏ជាគ្រាប់ទី 13 របស់ Haaland ក្នុងការបង្ហាញខ្លួនត្រឹមតែ 9 ប្រកួតចាប់តាំងពីការផ្ទេរទៅកាន់ City ពី Dortmund ។
អ្នកចាត់ការទូទៅរបស់ Man City លោក Pep Guardiola ដែលបានលេងក្រោមការដឹកនាំរបស់លោក Cruyff នៅ Barcelona បាននិយាយថា៖ “អ្នកទាំងអស់គ្នាដែលស្គាល់ខ្ញុំ ប្រហែលជាដឹងពីឥទ្ធិពលរបស់ Johan Cruyff នៅក្នុងជីវិតរបស់ខ្ញុំក្នុងនាមជាអ្នកណែនាំ និងអ្នកចាត់ការម្នាក់។”
“កាលពីយូរយារកន្លងទៅ គាត់បានស៊ុតបញ្ចូលទីក្នុងទឹកដី Camp Nou ជាគ្រាប់បាល់មិនគួរឱ្យជឿទល់នឹង Atletico Madrid ។ វា ស្រដៀងគ្រាប់របស់ Haaland នៅថ្ងៃនេះណាស់ ហើយពេលដែលគេ (Haaland ) ស៊ុត ខ្ញុំក៏នឹកដល់ ‘Johan Cruyff’ ភ្លាម។ វាគឺស្រដៀងគ្នាណាស់។” “វាពិតជាល្អណាស់ ហើយការបញ្ជូនបាល់ពី Joao ក៏អស្ចារ្យដែរ។”
លោក Guardiola ក៏មានអារម្មណ៍ថា Haaland បានរំឭកគាត់អំពី Zlatan Ibrahimovic។ គាត់បាននិយាយថា៖ “ខ្ញុំចាំថាមិត្តជាទីស្រឡាញ់របស់ខ្ញុំ Ibrahimovic មានសមត្ថភាពលើកជើងខ្ពស់បែបនេះ ហើយ Erling គឺស្រដៀងគ្នាណាស់។” “ខ្ញុំគិតថាវាជាធម្មជាតិរបស់គេ។ គេមានភាពប៉ិនប្រសប់ អាចបត់បែន និងមានសមត្ថភាពក្នុងការសម្រេចទីបានគ្រប់កាលៈទេសៈ”៕