×

Ronaldo រកបាន​គ្រាប់ដំបូង​ក្នុង​រដូវកាលនេះ ឯ West Ham បន្តការ​ឈ្នះ​នៅ​ពានរង្វាន់​អឺរ៉ុប

Cristiano Ronaldo នៅទីបំផុតបានរក គ្រាប់ បាល់លើកដំបូងរបស់ខ្លួនក្នុងរដូវកាលថ្មីនេះ នៅក្នុងការប្រកួតពានរង្វាន់ UEFA Europa League ខណៈ Manchester United ទទួលបានជ័យជម្នះ ទៅលើក្រុមម្ចាស់ផ្ទះ Sheriff Tiraspol ។

កូនក្រុមរបស់ Erik ten Hag បានរងបរាជ័យនៅកីឡដ្ឋាន Old Trafford ក្នុងការប្រកួតបើកឆាកពូល E របស់ពួកគេទល់នឹងក្រុម Real Sociedad កាលពីសប្ដាហ៍មុន ប៉ុន្តែដណ្ដើមបាន 3 ពិន្ទុក្នុងប្រទេសម៉ុលដូវ៉ា កាលពីយប់មិញ។

ក្រុមបិសាចក្រហមបានបើកការស៊ុតបញ្ចូលទីក្នុងតង់ទី 1 នៅពេលដែល Jadon Sancho រកបាននៅនាទីទី 17 ពីការបញ្ជូនបាល់របស់ Christian Eriksen ។

Man Utd ទទួលបានការទាត់បាល់ប៉េណាល់ទីនៅពេលដែលកីឡាករ Patrick Kpozo បានបង្កកំហុសលើ Diogo Dalot ក្នុងប្រអប់ ដោយ Ronaldo បានរ៉ាប់រងការទាត់បាល់ 11 ម៉ែត្រ ដើម្បីផ្ដល់ការនាំមុខ 2-0 នៅតង់ទី 1 ក៏ដូចជាលទ្ធផលបញ្ចប់ការប្រកួតផងដែរ។

ដោយឡែក ក្រុម West Ham United បានយកឈ្នះក្រុម Silkeborg IF និងរក្សាកំណត់ត្រាដ៏ល្អឥតខ្ចោះរបស់ពួកគេនៅក្នុងពូល B នៃពានរង្វាន់ Europa Conference League ។

ក្រុមម្ចាស់ផ្ទះនៅប្រទេសដាណឺម៉ាក បានរកគ្រាប់បាលដំបូងនៅនាទីទី 5 ដោយ Kasper Kusk ។ ប៉ុន្តែ West Ham បានតាមស្មើវិញ 8 នាទីក្រោយមក តាមរយៈការពិន័យបាល់ប៉េណាល់ទីលើកំហុសរបស់ Manuel Lanzini បន្ទាប់ពី Maxwel Cornet ដួលក្នុងប្រអប់។

Gianluca Scamacca បានបានផ្ដល់ការនាំមុខសម្រាប់ក្រុមភ្ញៀវ នៅនាទីទី 25 មុនពេលដែល Craig Dawson តែតបាល់បញ្ចូលទីបានធ្វើឱ្យក្រុម West Ham នាំមុខ 3-1 មុនបញ្ចប់តង់ទីមួយ។

ក្រុម Silkeborg បានបង្កើតការប្រកួតដ៏តានតឹងពេលនៅសល់រយៈពេល 15 នាទីចុងក្រោយ នៅពេលដែលកីឡាករ Soren Tengstedt បានស៊ុតបញ្ចូលទីសម្រាប់ក្រុមម្ចាស់ផ្ទះ។ ប៉ុន្តែក្រុមមកពី Premier League មិនអនុញ្ញាតឱ្យក្រុមម្ចាស់ផ្ទះរកបានមួយពិន្ទុឡើយ។ ដោយលទ្ធផលបានបញ្ចប់នៅ 3-2 ។

លទ្ធផលនេះមានន័យថា West Ham បន្តឈរកំពូលតារាងពូល B ដោយក្រុមរ៉ូម៉ានី FCSB ស្មើ 0-0 ជាមួយក្រុមបែលហ្ស៊ិក Anderlecht ក្នុងការប្រកួតផ្សេងទៀត៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង